(តូក្យូ)៖ លោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការហើយ ព្រមទាំងបានសម្រេចរំលាយគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកបន្តវេនពីលោក ឡើងមកដើម្បីទទួលការគាំទ្រពីសភា និងរៀបចំរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CBS News នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅចំពោះមុខកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានលះបង់ដួងព្រលឹង និងរូបកាយរបស់ខ្ញុំ ស្តាវិស័យសេដ្ឋកិច្ច និងការទូតឡើងវិញ ដើម្បីការពារផលប្រយោជន៍ប្រជាជនជប៉ុន នៅគ្រប់ពេលវេលាទាំងអស់ ចាប់តាំងពីយើងបានត្រឡប់មកកាន់អំណាចវិញ»។

លោក អាបេ ក៏បានបញ្ជាក់ផងដែរថា សុខភាពរបស់លោកពេលនេះ បានប្រសើរឡើងវិញបន្តិចហើយ និងសូមអរគុណដល់ប្រជាជនទាំងអស់ ចំពោះការព្រួយបារម្ភ និងគាំទ្រ ហើយលោកក៏បានសំណូមពរថែមទៀត ឲ្យគ្រប់គ្នាជួយគាំទ្រអ្នកបន្តវេនរបស់លោកផងដែរ។ លោក អាបេ បានប្រកាសពីការលាលែងចេញពីតំណែងរបស់លោក កាលពីខែសីហាកន្លងទៅនេះ ក្រោយពីជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ ប៉ុន្តែលោកនៅតែបន្តដឹកនាំប្រទេស របស់រហូតដល់ ប្រធានបក្សកាន់អំណាចថ្មី ត្រូវបានបោះឆ្នោតជ្រើសតាំងរួចរាល់។

គួរបញ្ជាក់ថា លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន និងជាមនុស្សជំនិត ដែលតែងតែគាំទ្រនយោបាយរបស់លោក អាបេ ត្រូវបានគណបក្សកាន់អំណាច (LDP) បោះឆ្នោតឲ្យឡើងធ្វើជាប្រធានបក្សកាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនេះ ហើយលោកក៏នឹងត្រូវទទួលការបោះឆ្នោត គាំទ្រពីសភាជាមុនសិនដែរ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី និងរៀបចំរដ្ឋាភិបាលថ្មី ខណៈគណបក្ស LDP មានសំឡេងភាគច្រើនក្នុងសភាស្រាប់ទៅហើយ៕