(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ខ្លួន នៅឯភាគនិរតីនៃកោះតៃវ៉ាន់កាលពីសប្តាហ៍មុន គឺជាសកម្មភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសចិន បន្ទាប់ពីទីក្រុងតៃប៉ិបានត្អូញត្អែរ និងចាត់ទុកសមយុទ្ធផ្លូវអាកាស និងផ្លូវទឹកទ្រង់ទ្រាយធំរបស់ចិន គឺជាការបង្ករឿង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ប្រទេសចិនដែលចាត់ទុកថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួននោះ បានបង្កើនសកម្មភាពយោធា នៅក្បែរច្រកសមុទ្រតៃវ៉ាន់ ហើយសកម្មភាពនេះត្រូវបានទីក្រុងតៃប៉ិចាត់ទុកថា ជាការបំភិតបំភ័យ និងបង្ខំឲ្យខ្លួនទទួលយកការគ្រប់គ្រងរបស់ចិន។ កោះតៃវ៉ាន់បានអះអាងថា សមយុទ្ធយោធារយៈពេលពីរថ្ងៃរបស់ចិន កាលពីសប្តាហ៍មុន បានធ្វើឡើងនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការកោះតៃវ៉ាន់នៃប្រទេសចិនលោក ម៉ា ហ្សាវក្វាង (Ma Xiaoguang) បានធ្វើការពន្យល់ជាសាធារណៈលើកដំបូងថា
កោះតៃវ៉ាន់គឺជាផ្នែកមួយ និងមិនអាចកាត់ផ្តាច់បានពីប្រទេសចិនបានឡើយ។ លោក Ma បានគូសបញ្ជាក់ថា សកម្មភាពបណ្តុះបណ្តាលរបស់កងទ័ពរំដោះប្រជាជនចិន (PLA) គឺជាសកម្មភាពចាំបាច់មួយ ដែលសំដៅដល់ការរក្សាស្ថិរភាព និងការពារសន្តិសុខនាពេលបច្ចុប្បន្ន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាពិសេសេគឺដើម្បីការពារអធិបតេយ្យភាពជាតិ។

លោក Ma បានសង្កត់ធ្ងន់ទៀតថា សមយុទ្ធនេះមានគោលបំណង ដើម្បីទប់ស្កាត់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងបរទេស (សំដៅទៅរកសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កោះតៃវ៉ាន់ និងជាអ្នកគាំទ្រកោះតៃវ៉ាន់ នៅលើឆាតអន្តរជាតិ)
និងសកម្មភាពឯករាជ្យរបស់កោះតៃវ៉ាន់ ដែលមិនបានឆ្លុះបញ្ចាំងពីឆន្ទៈ របស់ប្រជាជនតៃវ៉ាន់នោះឡើយ។ លោក Ma បានបន្ថែមទៀតថា
រដ្ឋាភិបាលកោះតៃវ៉ាន់បានក្លាយជាកូនអុក របស់បណ្តាប្រទេសលោកខាងលិច ដើម្បីរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសចិន និងជំរុញឲ្យមានការស្អប់ខ្ពើមរវាងចិនទាំងពីរ។

គួរបញ្ជាក់ថា ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ធ្លាប់បានព្រមានពីហានិភ័យ នៃជម្លោះដោយចៃដន្យ
ដោយសារតែការកើនឡើងនៃសកម្មភាពយោធា រវាងភាគីទាំងសងខាងរួចមកហើយ។ ដោយឡែកមន្ទីរការពារជាតិអាមេរិកបញ្ចកោណ ក៏បានសម្តែងការព្រួយបារម្ភ អំពីសមយុទ្ធរបស់ចិនកាលពីសប្តាហ៍មុនផងដែរ ខណៈដែលខ្លួនកំពុងធ្វើសកម្មភាពយោធា នៅជិតកោះតៃវ៉ាន់
រួមទាំងការបញ្ចូននាវាចម្បាំង នៅកាន់ច្រកសមុទ្រតៃវ៉ាន់ទៀតផង៕