(ឡុងដ៍)៖ សមាជិកសភាអង់គ្លេសមកពីគណបក្សពលករ លោក ដេវីដ ឡេមមី (David Lammy) បានចាត់ទុកថា សេចក្ដីព្រាងច្បាប់ចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) គឺប្រៀបបានទៅនឹងអ្វីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់បាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

លោក David Lammy បានធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកកាលពីថ្ងៃអាទិត្យម្សិលមិញ (ពេលវេលានៅទីក្រុងឡុងដ៍)។ សមាជិកសភាអង់គ្លេសរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមអ្នកអភិរក្សនិយមបានបោះបង់ចោលច្បាប់, បោះបង់ចោលកិច្ចព្រមព្រៀងអន្តរជាតិ ដែលយើងទើបតែបានចុះហត្ថលេខាកាលពីឆ្នាំមុន....»

លោក Lammy បានគូសបញ្ជាក់បន្ថែមថា សេចក្ដីព្រាងច្បាប់ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit គឺប្រៀបបានទៅនឹងអ្វីដែលលោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ចង់បាន ឬគ្រាន់តែយុទ្ធសាស្ត្រមួយ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅរបស់លោក ត្រាំ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក បូរីស ចនសុន បានអះអាងតបវិញថា សេចក្ដីព្រាងច្បាប់ស្ដីពី Brexit នៃរដ្ឋាភិបាលរបស់លោក គឺមានគោលដៅការពារ និងបញ្ជៀសចក្រភពអង់គ្លេស ពីវិធានការមិនសមស្របណាមួយ ដែលអាចនឹងធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុង៕