(អាក្រា)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបើកទ្វារប្រាសាទតាច់ម៉ាហាល់ (Taj Mahal) ឡើងវិញហើយ បើទោះបីជាប្រទេសឥណ្ឌាពេលនេះត្រូវបានគេរំពឹងទុកថា នឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលើពិភពលោកក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

ប្រទេសឥណ្ឌាដែលមានប្រជាជនរស់នៅប្រមាណ ១.៣ពាន់លាននាក់នេះបានកត់ត្រានូវករណីឆ្លង COVID-19 សរុបជាង ៥.៤លានករណីនៅទូទាំងប្រទេស ដោយមានករណីឆ្លងថ្មីៗជាង ១០ម៉ឺននាក់ និងអ្នកស្លាប់ថ្មីៗជាង ១,០០០នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីមានដាក់ចេញនូវវិធានការ «បិទប្រទេស» យ៉ាងតឹងរ៉ឹងកាលពីខែមីនាកន្លងទៅនេះ វាក៏បានបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ផងដែរ ដោយប្រជាជនភាគច្រើនបានបាត់បង់ការងារ។

ហេតុដូច្នេះទើបរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលឥណ្ឌាក៏បានបន្ធូរបន្ថយវិធានការរឹតត្បិតកាន់តែច្រើនឡើង រួមបញ្ចូលទាំងសេវាកម្មផ្លូវរថភ្លើង, ជើងហោះហើរក្នុងស្រុក, ទីផ្សារ, ភោជនីយដ្ឋាន, និងប្រាសាទ Taj Mahal ដែលទើបតែត្រូវបានសម្រេចចិត្តថា បើកដំណើរឡើងវិញនៅថ្ងៃនេះផងដែរ។ ប្រាសាទនេះជាប្រាសាទដ៏ល្បីល្បាញនៅលើពិភពលោក ដែលស្ថិតនៅទីក្រុង អាក្រា (Agra) ភាគខាងត្បូងរដ្ឋធានីញូដេលី (New Delhi) នៃប្រទេសឥណ្ឌា និងជាកន្លែងទេសចរណ៍ពេញនិយមបំផុត នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះផងដែរ ដែលជាធម្មតាវាបានទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តជាមធ្យម ៧លាននាក់ក្នុងមួយឆ្នាំៗ ប៉ុន្តែប្រាសាទនេះត្រូវបានបិទតាំងពីខែមីនាមកម្ល៉េះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃ COVID-19 នៅក្នុងប្រទេស។

គួរបញ្ជាក់ថា បើតាមអាជ្ញារធរឥណ្ឌាវិធានការ ក្នុងការរក្សាគម្លាតសុវត្ថិភាពផ្នែកសង្គម នៅតែបន្តអនុវត្តយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរចូលទៅទស្សនាត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលវាស្មើនឹងមួយភាគបួននៃអត្រាធម្មតា កាលពីមិនទាន់មានការផ្ទុះ COVID-19។ ចំណែកឯសំបុត្រចូលទស្សនាប្រាសាទ Taj Mahal អាចធ្វើការទិញបានតែតាមប្រព័ន្ធអ៉ីនធើណិតប៉ុណ្ណោះ៕