(ម៉ុមបៃ)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះបានឲ្យដឹងថា មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និង ២៥នាក់ទៀតត្រូវគេសង្ស័យថា កំពុងជាប់នៅក្រោមគំនរអគារបាក់បែក ក្រោយកើតមានហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅក្បែរទីក្រុងម៉ុមបៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

តាមប្រភពពីមន្ត្រីរដ្ឋាភិបាលឥណ្ឌា ហេតុការណ៍បាក់រលំអគារខាងលើបានកើតឡើង នៅវេលាម៉ោង ៣៖៤០នាទីទាបភ្លឺថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) នៅក្នុងទីក្រុងប៊ីវ៉ាន់ឌី (Bhiwandi) ដែលស្ថិតនៅជិតទីក្រុងម៉ុមបៃ (Mumbai) នៃភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រោយប្រតិបត្តិការសង្គ្រោះត្រូវបានធ្វើឡើង សាកសពមនុស្ស ១០នាក់ត្រូវបានរកឃើញ និងមនុស្ស ១១នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

អគ្គនាយកកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ឬហៅកាត់ថា (NDRF) លោក សាតសា ណារ៉ាយ៉ាន ប្រាថាន (Satsa Narayan Pradhan) បានគូសបញ្ជាក់បន្ថែមថា ក្រុមអ្នកសង្គ្រោះបន្ទាន់ប្រមាណ ៤០នាក់ និងក្រុមអ្នកជួយសង្គ្រោះ ៣០នាក់ផ្សេងទៀតមកពី NDRF បាននិងកំពុងព្យាយាមជួយសង្គ្រោះមនុស្សពី ២០នាក់ ទៅ ២៥នាក់ទៀតដែលត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអាគារដែលបានបាក់រលំនោះ។

គួរជម្រាបថា អាគារនេះមានអាយុកាលជាង ៣០ឆ្នាំហើយ ដោយកន្លងមកវាតម្រូវឲ្យមានការជុសជុលបន្ថែម។ ប៉ុន្តែការជុសជុលត្រូវបានពន្យារពេល ដោយសារតែមានការឆ្លងរីករាលដាលនៃ COVID-19។ យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌា មិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុនៃការបាក់រលំអាគារនេះឡើយទេ ដោយវាកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត ប៉ុន្តែបើមើលតាមស្ថានភាពជាក់ស្តែង អគារខាងលើនេះមានសភាពចាស់ទ្រុឌទ្រោម៕