(ប៉េកាំង)៖ សារព័ត៌មានអាមេរិក CNN បានធ្វើការវិភាគ និងមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងតែបោះជំហានទៅមុខម្តងទៀត ខណៈវិស័យទេសចរណ៍បាន និងកំពុងងើបឡើងវិញ ក្នុងអំឡុងពេលវិស្សមកាលដ៏ល្អបំផុតមិនងាយមាន របស់ប្រទេសយក្សលេខ ១ នៅអាស៊ីកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
បើតាមការគណនារបស់សារព័ត៌មាន CNN Business ដោយប្រើទិន្នន័យរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា នៅចុងឆ្នាំនេះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ប្រហែលជាអាចនឹងកើនឡើងបន្ថែម ១.១ភាគរយទៀតពីលើអ្វីដែលធនាគារពិភពលោក (World Bank) ធ្លាប់បានគណនាកាលពីពេលថ្មីៗនេះ ខណៈសេដ្ឋកិច្ចពិភពលោកទាំងមូល អាចនឹងធ្លាក់ចុះរហូតដល់ ៥.២ភាគរយ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ចិនក៏បានរាយការណ៍ឱ្យដឹងដែរថា ចំណូលពីវិស័យទេសចរណ៍នៅទូទាំងប្រទេសចិន បានកើនឡើងរហូតដល់ ៦៩.៧ពាន់លានដុល្លារអាមេរិក ដែលវាស្មើនឹង ៦៩.៩ភាគរយ នៃប្រាក់ចំណូលនៅក្នុងកំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្រសួងទេសចរណ៍ចិន ក៏បានរាយការណ៍ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរសរុប ៦៣៧លាននាក់បានដើរកំសាន្តនៅទូទាំងប្រទេស ក្នុងអំឡុងពេលវិស្សមកាលខាងលើនេះ ដែលវាស្មើនឹង ៧៩ភាគរយ នៃចំនួនអ្នកធ្វើវិស្សមកាលកាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា វិស្សមកាលដ៏ល្អបំផុតដែលមិនងាយមាន នៅក្នុងប្រទេសចិននៅឆ្នាំនេះ គឺជាទិវាបុណ្យជាតិ ដែលចាប់ផ្ដើមតាំងតែពីថ្ងៃទី០១ ខែតុលាកន្លងទៅនេះ ស្របពេលជាមួយនឹងទិវាបុណ្យតាមរដូវ ដែលបានធ្វើឱ្យថ្ងៃឈប់សម្រាកនៅប្រទេសចិន អូសបន្លាយពេលយូរជាងមួយសប្តាហ៍ឯណោះ។ វាបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើន ឲ្យធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស ជាហេតុដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ បោះជំហានទៅមុខម្ដងទៀត។
ការគណនាថ្មីខាងលើនេះ ក៏បានអង្អុលបង្ហាញផងដែរទៅលើការគណនារបស់ World Bank ដែលថា GDP របស់ប្រទេសចិននឹងកើនឡើង ១.៦ភាគរយនៅក្នុងឆ្នាំ២០២០នេះ ខណៈសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥.២%។ បន្ថែមពីនេះ អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ក៏បានគណនារួចមកហើយដែរថា GDP របស់ចិននឹងកើនឡើងលើសពី ១% សម្រាប់ឆ្នាំ២០២០ ព្រោះតែសេដ្ឋកិច្ចចិនបានទទួលផលប្រយោជន៍ខ្លាំង ក្នុងការបំពេញតួនាទីដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏បំផុតរបស់ពិភពលោក៕