(អ៊ឺរ៉ុប)៖ បណ្តាប្រទេសអ៊ឺរ៉ុប មានការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានបំបែកកំណត់ត្រាថ្មី នៃអត្រាអ្នកឆ្លងប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅប្រទេសបារាំងបានកើនឡើងដល់ជាង ៣០,០០០នាក់ កាលពីថ្ងៃសុក្រនេះ ដែលជាអត្រាមួយខ្ពស់បំផុតពុំធ្លាប់មានពីមុនមក។ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងដាក់បម្រាមគោចរ ពេលយប់នៅតាមតំបន់នានា ដែលរួមបញ្ចូលទាំងទីក្រុងប៉ារីសផងដែរ បន្ទាប់ពីប្រទេសអ៊ឺរ៉ុបមួយនេះ ។

នៅប្រទេសអ៊ីតាលី បានរកឃើញរណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៨,៨០០ករណីបន្ថែម នៅថ្ងៃព្រហស្បតិ៍នេះ(ម៉ោងនៅប្រទេសអ៊ីតាលី) ដែលជាតួលេខមួយដែលខ្ពស់បំផុតពុំធ្លាប់មានផងដែរ។ ចំណែកឯ នៅប្រទេសអាល្លឺមង់វិញ មានចំនួន ៦,៦០០ករណី ដែលសុទ្ធតែជាតួលេខខ្ពស់ពុំធ្លាប់មានដូចគ្នា។

ជារួម ប្រទេសនៅទូទាំងទ្វីបអ៊ឺរ៉ុប កំពុងមើលឃើញនូវការកើនឡើងយ៉ាងគំហុកឡើងវិញ នៃករណីឆ្លងថ្មី បន្ទាប់ពីរៀងស្ងប់ស្ងាតបន្តិច កាលពីប៉ុន្មានខែមុន។ ទោះជាយ៉ាងណា អ្នកវិភាគខ្លះមើលឃើញថា ការកើនឡើងនៃករណីឆ្លងនេះ ក៏អាចថាមកពីកត្តានៃការកើនឡើងនៃលទ្ធភាពធ្វើតេស្តផងដែរ៕