(អ៊ឺរ៉ុប)៖ នាយកប្រតិបត្តិទីភ្នាក់ងារថ្នាំរបស់អ៊ឺរ៉ុប(EMA ) លោក Guido Rasi បាននិយាយនៅថ្ងៃសុក្រនេះថា ទីភ្នាក់ងាររបស់ខ្លួន អាចនឹងអនុម័តវ៉ាក់សាំង COVID-19 ចំនួន ០៣បេក្ខភាព នៅដើមឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានអុីតាលី Sky TG24 លោក Rasi បានលើកឡើងយ៉ាងដូច្នេះថា«ប្រសិនបើអ្វីៗដំណើរការបានល្អ ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២១ នោះអាចនឹងមានវ៉ាក់សាំងចំនួន៣ ដែលនឹងត្រូវអនុម័តយល់ព្រមឲ្យប្រើប្រាស់ ដោយ EMA។ ប៉ុន្តែអ្វីៗត្រូវដំណើរការល្អជាមុនសិន»។

គួរជម្រាបថា ទីភ្នាក់ងារថ្នាំរបស់អ៊ឺរ៉ុប ហៅកាត់ថា EMA កំពុងតាមដាននិងពិនិត្យមើលលើ បេក្ខភាពវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនផលិតថ្នាំល្បីៗនៅអ៊ឺរ៉ុប រួមមានដូចជា Pfizer ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna ជាដើម ដើម្បីពន្លឿនការអនុម័ត ប្រសិនបើការសាកល្បងវ៉ាក់សាំងណាមួយទទួលបានជោគជ័យ៕