(អាប៊ូចា)៖ សិស្សានុសិស្ស និងគ្រូបង្រៀនសរុបចំនួន ១៨១នាក់ នៅក្នុងវិទ្យាល័យឯកជនមួយកន្លែងនៅក្នុងទីក្រុង ឡាហ្គោស (Lagos) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនីហ្សេរីយ៉ា បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

មន្ត្រីសុខាភិបាលលោក អេឃីន អាបាយ៉ូមី (Akin Abayomi) បានគូសបញ្ជាក់ថា ករណីនៃការផ្ទុះឡើងនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត បូករួមទាំងការស៊ើបអង្កេតផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធ។ លោក Abayomi បានបន្ថែមទៀតថា សិស្សានុសិស្ស និងបុគ្គលិកភាគច្រើនដែលបានឆ្លងវីរុសកូរ៉ណា មិនបានបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ចំណែកឯមួយយចំនួនតូចមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ យ៉ាងណាមិញ គ្មានសិស្សណាម្នាក់តម្រូវឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះឡើយ។ មន្ត្រីរូបនេះបានបញ្ជាក់ថា សាលារៀនខាងលើមានសិស្ស និងបុគ្គលិកសរុបចំនួន ៤៤១នាក់។

គួរបញ្ជាក់ថា រដ្ឋាភិបាលនីហ្សេរីយ៉ាបានសម្រេច បិទទ្វារសាលារៀននៅទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 ដំបូងៗក្នុងប្រទេសអាហ្វ្រិកមួយនេះ នៅអំឡុងខែមីនាមកម្ល៉េះ ប៉ុន្តែបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ សម្រាប់ថ្នាក់បញ្ចប់ការសិក្សា ដើម្បីរៀបចំការប្រឡងកាលពីប៉ុន្មានសប្តាហ៍មុន។ ក្រុមគ្រួសាររបស់សិស្សដែលមានផ្ទុកជំងឺ COVID-19 ត្រូវបានទាក់ទងរួចហើយ ហើយស្ថានភាពនាពេលបច្ចុប្បន្ន គឺស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយទេ។ បច្ចុប្បន្ននីហ្សេរីយ៉ាងមានករណីឆ្លងសរុបជាង ៦១,០០០ករណី ក្នុងនោះស្លាប់ជាង ១,១០០នាក់ និងជាសះស្បើយឡើងវិញជាង ៥២,៣០០នាក់៕