(វែលីងតោន)៖ លទ្ធផលបឋមនៃការបោះឆ្នោតសកល នៅប្រទេសនូវែសេឡង់នាថ្ងៃសៅរ៍នេះ បានបង្ហាញថា គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បានទទួលជ័យជម្នះជាមួយសំឡេងគាំទ្រយ៉ាងច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការបោះឆ្នោតនូវែលសេឡង់ បន្ទាប់ពីសន្លឹកឆ្នោតសរុបជាង៩៨ភាគរយត្រូវបានរាប់ គណបក្ស Labour Party របស់លោកស្រី អាដឺន ទទួលបានសំឡេងគាំទ្រ៤៩ភាគរយ ឬស្មើនឹងអាសនៈចំនួន៦៤ ក្នុងចំណោមអាសនៈទាំង១២០ របស់សភានូវែលសេឡង់ ដែលវាគឺជាសំឡេងគាំទ្រដ៏ច្រើនលើសលុបមួយ។ ចំណែកគណបក្សប្រឆាំង Natinal Party ទទួលបានត្រឹម២៧ភាគរយ ឬស្មើនឹង៣៥អាសនៈ តែប៉ុណ្ណោះ។

គួរជម្រាបថា លោក Ardern បានឡើងថ្លែងអំណរគុណចំពោះក្រុមអ្នកគាំទ្រលោកស្រី ខណៈមេដឹកនាំគណបក្សប្រឆាំង លោកស្រី ជូឌីស ខូលីន (Judith Collins) បានទទួលស្គាល់លទ្ធផលឆ្នោត ហើយក៏បានអបអរលោកស្រី Ardern ផងដែរ។ ការបោះឆ្នោតសកលឆ្នាំ២០២០ នៅនូវែលសេឡង់ នាថ្ងៃសៅរ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ការពន្យារពេលជិតមួយខែ ដោយសារតែការផ្ទុះរាលដាលខ្លាំងនៃជំងឺ COVID-19 ក្នុង Auckland ជាទីក្រុងធំបំផុតរបស់នូវែលសេឡង់៕