(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស និងរដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំមួយរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។

បើតាមក្រសួងការបរទេសអូទ្រីស រដ្ឋមន្ត្រីការបរទេសអូទ្រីស លោក Alexander Schallenberg និងរដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក លោកស្រី Sophie Wilmes បានអង្គុយ ក្បែរគ្នា កំឡុងទទួលទានអាហារពេលព្រឹកជាក្រុម នាឱកាសចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប ក្នុងប្រទេសលុចហ្សំបួរ (Luxembourg) កាល ពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

ក្រសួងការបរទេសអូទ្រីស បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា លោក Schallenberg មិនមានរោគសញ្ញាគួរឱ្យសង្ស័យណាមួយឡើយ ហើយត្រូវបាន ធ្វើតេស្ដជាទៀងទាត់ជាវិធានការបង្ការ ដូច្នេះលោកទំនងជាបានឆ្លង COVID-19 កំឡុងពេលចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប។ ចំណែកឯ លោកស្រី Wilmes បានអះអាងថាលោកស្រី តេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃសៅរ៍ម្សិលមិញ មួយថ្ងៃក្រោយធ្វើចត្តាឡីស័កខ្លួនឯង។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតថាតើរដ្ឋមន្ត្រីការបរទេសទាំង២រូបខាងលើ ឆ្លង COVID-19 ដោយរបៀបណានោះទេ ខណៈរដ្ឋមន្ត្រីការបរទេសជាច្រើននាក់ទៀត ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ ដូចជារដ្ឋមន្ត្រីបរទេសអល្លឺម៉ង់, បារាំង និងអេស្ប៉ាញជាដើម ត្រូវបានធ្វើតេស្ដអវិជ្ជមាន៕