(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងរបស់ខ្លួន គឺលោក ចូ បៃដិន នៅថ្ងៃអាទិត្យ (ពេលវេលាអាមេរិក) បានធ្វើដំណើរទៅដល់រដ្ឋសក្តានុពល (swing state) ជាបណ្ដារដ្ឋមួយចំនួនដែលនឹងសម្រេចជោគវាសនា លើការបោះឆ្នោតរបស់សហរដ្ឋអាមេរិក នាពេលខាងមុខនេះ ខណៈយុទ្ធនាការបោះឆ្នោតរបស់បេក្ខជនទាំងពីរ កំពុងប្រែជាតានតឹងទៅៗ ព្រោះនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះពីថ្ងៃបោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ដែលកំពុងខំប្រឹងធ្វើឱ្យយុទ្ធនាការបោះឆ្នោត ឲ្យកាន់តែល្អប្រសើរឡើងវិញ បានធ្វើដំណើរទៅកាន់រដ្ឋជាច្រើន ដែលចាប់ផ្ដើមនៅថ្ងៃអាទិត្យពីរដ្ឋ ណេវ៉ាដា (Nevada) ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា (California) ហើយបន្ទាប់មកទៀត លោកក៏នឹងឡប់ទៅកាន់រដ្ឋ Nevada វិញ ដើម្បីធ្វើការប្រមូលផ្តុំគ្នា និងរៃអង្គាសប្រាក់មួយថ្ងៃមុនពេលធ្វើដំណើរទៅកាន់រដ្ឋ អារីហ្សូណា (Arizona) នៅថ្ងៃច័ន្ទសប្ដាហ៍នេះ និងមានគម្រោងធ្វើការប្រមូលផ្តុំគ្នានៅសប្តាហ៍ក្រោយនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) និង ណតស៍ ខារ៉ូលីណា (North Carolina) ទៀតផង។

ចំណែកឯលោក ចូ បៃដិន ដែលជាអ្នកកាន់សាសនាកាតូលិក បានចូលរួមពិធីបួងសួងមួយជាមួយភរិយារបស់លោក គឺលោកស្រី ជីល (Jill) នៅឯព្រះវិហារមួយ នៅជិតទីក្រុង វីលមីងតុន (Wilmington) នៃរដ្ឋ ដេឡាវែ (Delaware) មុនពេលធ្វើដំណើរទៅមើលផ្នូររបស់កូនប្រុស ប៊ីយ៉ូ (Beau) ដែលបានស្លាប់ ដោយសារជំងឺមហារីកខួរក្បាលកាលពីឆ្នាំ២០១៥។
ជាមួយការដាក់កម្រិតលើយុទ្ធនាការផ្ទាល់ខ្លួនរបស់លោក ដោយសារតែមានការព្រួយបារម្ភ អំពីជំងឺឆ្លងរាតត្បាតសកល (COVID-19) លោក Biden ដែលមានវ័យ ៧៧ឆ្នាំបានធ្វើដំណើរត្រលប់មកកាន់រដ្ឋ North Carolina វិញសម្រាប់ព្រឹត្តិការណ៍នានា។ នៅទីក្រុង ឌួរហាំ (Durham) អតីតអនុប្រធានាធិបតីរូបនេះបានពាក់ម៉ាស និងបានឡើងថ្លែងសុន្ទរកថានៅលើឆាក ស្ថិតក្នុងទីធ្លាចំណតរថយន្តមួយកន្លែង ដែលមានអ្នកគាំទ្ររាប់សិបនាក់កំពុងរង់ចាំលោក។ លោក បៃដិន បានប្រាប់ពួកគេថា «យើងជ្រើសរើសយកក្តីសង្ឃឹម នៅពីលើការភ័យខ្លាច... យើងជ្រើសរើសការសាមគ្គីគ្នា នៅពីលើការបែងចែក ឬទាស់ទែងគ្នា, ហើយយើងជ្រើសសេចក្ដីពិតអំពីវិទ្យាសាស្ត្រ ពីលើការកុហកទាំងឡាយ»

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងរបស់លោក គឺលោក ចូ បៃដិន បាននិងកំពុងធ្វើការរៀបចំមូលដ្ឋាននយោបាយរៀងៗខ្លួន និងអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានសំរេចចិត្តក្នុងការបោះឆ្នោត ឲ្យងាកត្រលប់មកចូលរួមក្នុងការបោះឆ្នោតខាងមុខនេះវិញ ដែលវាជាឱកាសដ៏សំខាន់មួយ នឹងត្រូវកើតឡើងនៅក្នុងសប្តាហ៍នេះ ជាមួយនឹងការជជែកដេញដោលចុងក្រោយរបស់បេក្ខជនទាំងពីរ តាមរយៈបណ្ដាញទូរទស្សន៍ នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅទីក្រុង ណាសវីល (Nashville) នៃរដ្ឋ ធិនណេសស៊ី (Tennessee)៕