(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៨៦ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ៣០,៤០៣ករណីហើយ ខណៈមានការព្រួយបារម្ភអំពីរលកទី ៣ ផ្ទុះឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៨៦ករណីខាងលើ ៣៦១នាក់ជាករណីឆ្លងក្នុងស្រុក និង ២៥ករណីទៀតជាករណីនាំចូល។ ទន្ទឹមនឹងនេះករណីឆ្លង COVID-19 លើស ៣០០ករណីក្នុងមួយថ្ងៃបែបនេះ គឺបានកើតឡើង ០៤ថ្ងៃជាប់ៗគ្នាមកហើយ គិតចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដែលជាលើកដំបូងបានរាយការណ៍ពីករណីឆ្លងចំនួន ៣១៣ករណីកាលពីថ្ងៃពុធ បន្ទាប់មកគឺ ៣៤៣ករណីកាលពីថ្ងៃព្រហស្បតិ៍ និង ៣៦៣ករណីកាលពីថ្ងៃសុក្រ។

ក្រៅពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ខាងលើនេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥០៣នាក់ផងដែរ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ២៦,៣៦៥នាក់។ បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រលកទី ៣ នៃការឆ្លង COVID-19 កំពុងតែរំកិលមកហើយនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ បន្ទាប់ពីរលកដំបូងបានកើតឡើងកាលពីចន្លោះខែកុម្ភៈ និងខែមីនានៅទីក្រុងដេគូ (Daegu) និងរលកទីពីរបានកើតឡើងកាលពីខែសីហា នៅទីក្រុងសេអ៊ូល៕