(សៀងហៃ)៖ កាសែតរដ្ឋចិននៅថ្ងៃសុក្រនេះបានរាយការណ៍ថា វិធានការរបស់សហរដ្ឋអាមេរិក ដើម្បីកំណត់ទិដ្ឋាការលើ សមាជិកគណបក្សកុម្មុយនិស្តចិន និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាការហាមឃាត់ការនាំចូលផលិតផលកប្បាស ពីតំបន់ស្វយ័តចិន ស៊ីនជាំង គឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុត ដែលកំពុងរុញច្រានទំនាក់ទំនង នៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ ឲ្យធ្លាក់ចូលទៅក្នុងភាពគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងបទវិចារណកថាមួយ កាសែតរដ្ឋចិន China Daily បានសរសេរថា ការរឹតត្បឹតទិដ្ឋការ និងការហាមឃាត់ការនាំចូលកប្បាស ជាចំណាត់ការដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើ ដើម្បីពង្រឹងគោលនយោបាយប្រឆាំងចិនដ៏តឹងរ៉ឹង ហើយវាអាចមានឥទ្ធិពល ហួសពីអាណត្តិរបស់លោកទៅទៀត។ បទវិចារណកថានេះ ក៏បានបញ្ជាក់ផងដែរថា ទោះបីជារដ្ឋបាលថ្មីចូលកាន់អំណាច និងមានចេតនាបន្ធូរបន្ថយភាពតានតឹងក៏ដោយ ក៏ការខូចខាតមួយចំនួន នៅតែមិនអាចជួសជុលបានឡើយ។

ការធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ជាការផ្លាស់ប្តូរជាមូលដ្ឋាន នូវបរិយាកាសគោលនយោបាយចិន ចំពោះសហរដ្ឋអាមេរិក ស្របពេលដែលគោលនយោបាយប្រឆាំងចិន បានក្លាយជាកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ នៅសហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១ និងទី ២ នៅលើពិភពលោកនេះ បានឈានដល់ចំណុចដុនដាបបំផុត មិនធ្លាប់មានក្នុងរយៈពេល ជាច្រើនទសវត្សរ៍កន្លងមកនេះ ជុំវិញបញ្ហាមួយចំនួនដូចជា ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាដើម។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ចេញនូវច្បាប់ថ្មី ក្នុងគោលបំណងដើម្បីកាត់បន្ថយ រយៈពេលអតិបរមានៃទិដ្ឋាការ ចំពោះសមាជិកបក្សកុម្មុយនិស្តចិន និងសមាជិកគ្រួសាររបស់ពួកគេពី ១០ឆ្នាំ ទៅ ០១ខែវិញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអះអាងថា ការរឹតត្បិតនេះមានគោលបំណង ដើម្បីការពារប្រទេសជាតិ ពីឥទ្ធិពលនៃគណបក្សកុម្មុយនិស្តចិន មកលើសហរដ្ឋអាមេរិក។

ដោយឡែកកាលពីមួយថ្ងៃមុននេះទៀត រដ្ឋបាលលោក ត្រាំ ក៏បានបង្កើនសម្ពាធទៅលើតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិនផងដែរ តាមរយៈការហាមឃាត់ ការនាំចូលទំនិញកប្បាសពីអង្គភាពយោធា ដ៏មានឥទ្ធិពលមួយរបស់ចិន ដោយចោទប្រកាន់ថា ពួកគេបានប្រើកម្លាំងពលកម្ម របស់ជនជាតិភាគតិច ដែលកំពុងជាប់ឃុំខ្លួននៅទីនោះ។ យ៉ាងណាក៏ដោយ ចិនបានចេញមុខច្រានចោលរួចទៅហើយ ចំពោះការចោទប្រកាន់ទាំងអស់ ពីសហរដ្ឋអាមេរិក៕