(ប៉េកាំង)៖ កាលពីពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ បេសកកម្មចិនឆាងអឺ-៥ (Chang'e 5) បានបាញ់បញ្ជូនគំរូតាង (កម្ទេចដី និងថ្ម) ដែលខ្លួនប្រមូលបានពីផ្ទៃព្រះច័ន្ទនោញ ឡើងទៅលើទីអវកាសហើយ។ ជំហានបន្ទាប់គំរូតាងនោះ នឹងត្រូវផ្ទេរពីយានអាស្កេនដឺ (Ascender) ដែលជាអ្នកនាំវាឡើងមកពីផ្ទៃព្រះច័ន្ទ ទៅកាន់យានផ្កាយរណប (Orbiter) ដែលរង់ចាំនៅក្នុងអវកាស ដើម្បីដឹកយកវាមកផែនដីវិញ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

យាន Ascender ដែលត្រូវបានភ្ជាប់ជាមួយយាន Lander នៃបេសកកម្ម Chang'e 5 ពេលចុះទៅលើផ្ទៃព្រះច័ន្ទ បានហោះឡើងចេញពីតំបន់ អូនសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) វិញកាលពីវេលាម៉ោង ២៣៖១០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ជាមួយគំរូតាង (កម្ទេចដី និងថ្ម)។ វាបេសកកម្មប្រមូលគំរូតាង ដ៏ថ្មីសន្លាងបំផុតពីព្រះច័ន្ទ គិតចាប់តាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់អាជ្ញាធអវកាសចិន យាន Ascender បានឡើងដល់គន្លងអវកាសរបស់ព្រះច័ន្ទហើយ។ ប៉ុន្តែជំហានបន្ទាប់ដ៏សំខាន់គឺ ការទៅជួបជាមួយយាន Orbiter ដែលនៅរង់ចាំដើម្បីផ្ទេរគំរូតាង ព្រោះយាន Orbiter មានតួនាទីដឹកជញ្ជូនវា ចេញពីគន្លងគោចររបស់ព្រះច័ន្ទ រួចទើបសំដៅឆ្ពោះមករកភពយើងវិញ។

ការជួបគ្នារវាងយានទាំងពីរ នៃបេសកកម្ម Chang'e 5 នឹងចាប់ផ្តើមនៅកំឡុងចុងសប្តាហ៍នេះ ហើយនៅពេលផ្ទេរគំរូងតាងបានសម្រេច នោះទើបក្រុមការងារនៃអង្គការអវកាសចិន CNSA និងបន្តបញ្ជាវាឲ្យចាកចេញពីគន្លងគោចរព្រះច័ន្ទ រួចសំដៅមកកាន់ភពផែនដីវិញ ដើម្បីទម្លាក់គំរូតាងនោះចុះមក៕