(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានលើកឡើងថា ពេលនេះបញ្ហាបានលេចឡើងយ៉ាងច្បាស់ហើយ នោះគឺប្រទេសមានប្រាក់ចំណូលទាប និងមធ្យមមិនទាន់បានទទួលវ៉ាក់សាំង COVID-19 នៅឡើយទេ ដូច្នេះលោកបានអំពាវនាវ ឲ្យប្រទេសអ្នកមានទាំងឡាយ បញ្ឈប់ការសម្រុកចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុននានា ជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

លោក ថេដ្រូស បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសអ្នកមានៗ មានវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ជាច្រើនទៅហើយ... គ្មានប្រទេសណាមួយ ដែលពិសេសជាងគេ ហើយត្រូវតែចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនឯងគ្រប់គ្នា ខណៈដែលប្រទេសផ្សេងទៀត គ្មានវ៉ាក់សាំងផ្គត់ផ្គង់ឡើយ»។ ក្នុងន័យនេះប្រធាន WHO ចង់ឲ្យបណ្តាប្រទេសអ្នកមាន បញ្ឈប់ការបង្កើតកិច្ចព្រមព្រៀងនានា និងជួយសម្រួលឲ្យកម្មវិធីចែកចាយវ៉ាក់សាំងរួម COVAX ធ្វើការងារប្រកបដោយតម្លាភាព។

គួរបញ្ជាក់ថា ប្រធាន WHO មិនបានបង្ហើបអំពីឈ្មោះប្រទេសណាមួយឡើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Pfizer និង BioNTech សរុប ៣០០លានដូស ដើម្បីចែកចាយឲ្យបណ្តាប្រទេស ជាសមាជិករបស់ខ្លួន ដែលប្រការនេះមានន័យថា អឺរ៉ុបទទួលបានចំនួនវ៉ាក់សាំងជិតពាក់កណ្តាល នៃវ៉ាក់សាំងដែលក្រុមហ៊ុននេះផលិតបាន សម្រាប់ឆ្នាំ២០២១តែម្តង៕