(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាងនៅមុននេះបន្តិចថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន ស្រ៊ីវីចាយ៉ា (Sriwijaya) ប្រភេទ Boeing 737-500 មានជើងហោះហើរ SJY182 បានបាត់ដំណឹង ជាមួយមនុស្សជិះនៅលើនោះសរុបជាង ៥០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

គួរបញ្ជាក់ថា អាកាសចរណ៍ Sriwijaya Air មិនទាន់ចេញសេចក្តីថ្លែងការណ៍អ្វីទៀតឡើយ ដោយត្រូវរង់ចាំការបញ្ជាក់ ព័ត៌មានផ្លូវការបន្ថែមពីអាជ្ញាធរឥណ្ឌូណេស៊ី ដែលកំពុងតាមរកយន្តហោះនោះ។ យន្តហោះ Boeing 737-500 ខាងលើនេះ មានអាយុកាលធ្វើប្រតិបត្តិការ ២៧ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)៕