(ហ្សាកាតា)៖ នៅទីបំផុតយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីផ្ទុកមនុស្ស៦២នាក់ បានធ្លាក់ចូលសមុទ្រ នេះបើយោងតាមរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី ចេញផ្សាយសារព័ត៌មាន Reuters នាមុននេះបន្តិចនាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង៦០នាក់ បានដាច់ការទាក់ទងហើយបានធ្លាក់ចូលក្នុងសមុទ្រជ្វា នៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍នេះ ប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៦២នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។

គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្រ្គោះ អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យថាអាចជាបំណែកយន្តហោះ នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) ខណៈក្នុងចំណោមមនុស្សទាំង៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់ថា មានអ្នកនៅរស់ដែរឬយ៉ាងណានោះទេ៕