(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តលុបចោលការដាក់កំហិតអស់រយៈពេលរាប់សិបឆ្នាំមកនេះ លើទំនាក់ទំនងរវាងក្រុមមន្ត្រីអាមេរិក និងក្រុមមន្ត្រីតៃវ៉ាន់ ដែល ចេតនានេះនឹងបង្កឱ្យចិនផ្ទុះកំហឹង ហើយធ្វើឱ្យភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងឡើងកម្ដៅរឹតតែខ្លាំង មុនពេលលោក ដូណាល់ ត្រាំ ផុតអាណត្តិជា ប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលអាមេរិក បានអនុវត្តសកម្មភាពឯកតោភាគីនេះ អស់រយៈពេលរាប់សិបឆ្នាំមកនេះ ក្នុងចេតនា ផ្សះផ្សាជាមួយរបបកុម្មុយនិស្ដ នៅក្នុងទីក្រុងប៉េកាំង។ ក៏ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមប្រកាសថាខ្ញុំនឹងលុបចោលការដាក់កំហិត លើទំនាក់ទំនងរវាងក្រុមមន្ត្រីអាមេរិក និងក្រុមមន្ត្រីតៃវ៉ាន់»

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសភាគច្រើននៅក្នុងពិភពលោក គ្មានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនការគាំទ្រ យ៉ាងខ្លាំងចំពោះតៃវ៉ាន់ ក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក តាមរយៈការលក់អាវុធ និងបញ្ជូនមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបឱ្យមកបំពេញទស្សនកិច្ចក្នុង ទីក្រុងតៃប៉ិ បើទោះជាចិនជំទាស់ដាច់ខាតក៏ដោយ។ ចិន ចាត់ទុកថាតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះការមានទំនាក់ទំនាក់ដោយផ្ទាល់ ឬការលក់អាវុធឱ្យដែនកោះ មួយនេះ គឺជាទង្វើបំពានគោលនយោបាយចិនតែមួយ៕