(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថាមនុស្សយ៉ាងហោច ១១នាក់បានស្លាប់ និង១៨នាក់ទៀតរងរបួស បន្ទាប់ពី គ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិរ បស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើភូមិ ជីហាន់ជូអាំង (Cihanjuang) ស្ថិតនៅក្នុងខេត្តជ្វាភាគខាងលិច (West Java) នៅចំងាយប្រហែល ១៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីហ្សាការតា នៅម៉ោង៤រសៀល និងនៅម៉ោង៧៖៣០នាទី កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនអ្នកស្លាប់ និងអ្នករងរបួស នៅក្នុង គ្រោះមហន្តរាយនេះគឺជាតួលេខបឋមប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ហើយពួកគេក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំង និងរន្ទះ អាចនឹងរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ធ្លាប់បានព្រមានថាភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយបាតុភូត La Nina អាចនឹងបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលកសិកម្មនៃប្រទេស។ ឥណ្ឌូណេស៊ី ជារៀងរាល់ឆ្នាំតែងតែជួបប្រទះនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ជាពិសេសអំឡុងរដូវភ្លៀងចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕