(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។

ការប្រកាសពីបំណងរបស់លោក ម៉ៃក៍ ភែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បាននិយាយថា លោកនឹងមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករានោះឡើយ។ លោក ត្រាំ បានប្រកាសយ៉ាងដូច្នេះថា «សម្រាប់អ្នកទាំងឡាយដែលបានសួរខ្ញុំ គឺខ្ញុំនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែមករា នោះទេ»។ តាមទម្លាប់ ប្រធានាធិបតីដែលផុតអាណត្តិ និងប្រធានាធិបតីថ្មីដែលជាប់ឆ្នោត គឺតែងតែធ្វើដំណើរទៅកាន់វិមានសភាអាមេរិក (Capitol Hill) រួមគ្នា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែង ដែលវាគឺជានិមិត្តសញ្ញា តំណាងឲ្យការផ្ទេរអំណាចដោយសន្តិវិធី។

ប្រការនេះនឹងធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេ គិតចាប់តាំងពីសម័យលោក អាន់ឌ្រូ ចនសុន (Andrew Johnson) ដែលមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់អ្នកបន្តវេន។ ចំណែកលោក បៃដិន បាននិយាយថា អវត្តមានរបស់លោក ត្រាំ នឹងជារឿងល្អ ក៏ប៉ុន្តែលោកស្វាគមន៍វត្តមានរបស់ អនុប្រធានាធិបតីអាមេរិកគឺលោក ម៉ៃក៍ ភែន (Mike Pence) ប្រសិនបើលោក Pence សម្រេចចិត្តចូលរួម។ ក៏ប៉ុន្តែ លោក ភែន មិនទាន់ធ្វើការប្រកាសផ្លូវការណាមួយនៅឡើយទេ៕