(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថាពួកគេចាប់បានសញ្ញាចំនួន២ ដែលទំនងជាមានប្រភពចេញពីប្រអប់ខ្មៅ នៃយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈបំណែកសាកសព និងបំណែកយន្ដហោះមួយចំនួន ក៏ត្រូវបាន រកឃើញផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃអាទិត្យនេះដែរ ប្រតិបត្តិការតាមរកយន្ដហោះដឹកអ្នកដំណើរ Boeing 737-500 ដែលធ្លាក់ខាងលើ បានចាប់ផ្ដើមឡើងវិញហើយ ក្រោយត្រូវបានផ្អាកកាលពីយប់ថ្ងៃសៅរ៍ ដោយមានការចូលរួមពីនាវាចំនួន១០គ្រឿង និងក្រុមអ្នកជំនាញមុជទឹកជាច្រើននាក់។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ពួកគេបានរកឃើញនូវទីតាំងដែលយន្ដហោះដឹកអ្នកដំណើរ នេះធ្លាក់ និងបានចាប់សញ្ញាចំនួន២ ដែលទំនងជាមានប្រភពចេញពីប្រអប់ខ្មៅ ព្រមទាំងប្រមូលបានបំណែកសាកសព និងបំណែកមួយចំនួន ដែលពួកគេជឿជាក់ថាជារបស់ យន្ដហោះទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រធានក្រុមអ្នកស្រាវជ្រាវ និងជួយសង្រ្គោះឥណ្ឌូណេស៊ី លោក Bagus Puruhito បានគូសបញ្ជាក់ដូច្នេះថា៖ «យើងចាប់បានសញ្ញាចំនួន២ ដែលទំនង ជាចេញពីប្រអប់ខ្មៅនៃយន្ដហោះដែលបានធ្លាក់។ យើងនឹងបន្តស៊ើបអង្កេតជាបន្ត»

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។

យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ អាជ្ញាធរឥណ្ឌូណេស៉ី បច្ចុប្បន្នកំពុងផ្ដោតជាសំខាន់លើប្រតិបត្តិការតាមរក នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) និងកោះ Laki ខណៈជោគវាសនានៅក្នុងចំណោមមនុស្សទាំង ៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់នោះទេ៕