(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ២,៤៣៣ករណីបន្ថែមទៀត ដែលភាគច្រើនជាប្រភេទករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៧នាក់បន្ថែទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១៣៥,៩៩២ករណី ក្នុងនោះស្លាប់ ៥៥១នាក់ និងជាសះស្បើយ ១០៨,១០៩នាក់ ឬស្មើនឹង ៧៩.៥%៕