(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានលុបចោលគម្រោងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ បន្ទាប់ពីចិនព្រមានថា សហរដ្ឋអាមេរិកកំពុងប្រលែងលេងជាមួយភ្លើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់លោកស្រី Craft ដែលដំបូងឡើយគ្រោងនឹងចាប់ផ្ដើមពីថ្ងៃពុធ ដល់ថ្ងៃសុក្រសប្ដាហ៍នេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងដល់ចិន រហូតដល់មហាយក្សអាស៊ីមួយនេះព្រមានថា សហរដ្ឋអាមេរិកកំពុងប្រលែងលេងជាមួយភ្លើង។

ជុំវិញការលុបចោលដំណើរទស្សនកិច្ចនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ដំណើរទស្សនកិច្ចទាំងអស់របស់ក្រុមមន្ត្រីអាមេរិក នៅក្នុងសប្ដាហ៍នេះ នឹងត្រូវលុបចោល ក្នុងនោះរួមមានទំាងដំណើរទស្សនកិច្ចផ្ទាល់ខ្លួនរបស់លោក ទៅកាន់ទ្វីបអឺរ៉ុបោងដែរ ដោយសារមន្ត្រីជាន់ខ្ពស់អាមេរិកទាំងនេះ ជាប់ដៃរៀបចំដំណើរការនីតិវិធីផ្ទេរអំណាច ឱ្យរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។

ទោះជាបែបនេះក្តី មន្ត្រីការទូតអឺរ៉ុបជាច្រើននាក់ និងប្រភពដែលបានដឹងពីដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ បានអះអាងថា តាមការពិតទៅគឺរដ្ឋមន្ត្រីការបរទេស លុចហ្សំបួរ និងមន្ត្រីជាន់ខ្ពស់អឺរ៉ុបមួយចំនួន បានបដិសេធក្នុងការជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ដែលគ្រោងនឹងបំពេញទស្សនកិច្ច មកកាន់តំបន់អឺរ៉ុបនៅក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា សម្រាប់ខាងភាគីចិនវិញ នៅមិនទាន់បញ្ចេញប្រតិកម្ម ឬអត្ថាធិប្បាយអ្វី ចំពោះការសម្រេចចិត្តលុបចោល ដំណើរទស្សនកិច្ចរបស់លោកស្រី Kelly Craft មកកាន់កោះតៃវ៉ាន់ នៅឡើយទេ ខណៈក្រសួងការបរទេសតៃវ៉ាន់បានប្រកាសថា ពួកគេយល់ពីហេតុផល និងគោរពការសម្រេចចិត្តរបស់ ក្រសួងការបរទេសាអាមេរិក ក្នុងការលុបចោល ដំណើរទស្សនកិច្ចរបស់លោកស្រី Craft៕