(តេហេរ៉ង់)៖ កងទ័ពជើងទឹកអ៉ីរ៉ង់នៅថ្ងៃពុធនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមួយ នៅឯតំបន់ដែនទឹកភាគខាងត្បូង នៃប្រទេសរបស់ខ្លួន ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

សមយុទ្ធយោធាជើងទឹក មានឈ្មោះថា អេកតេដា-៩៩ (Eqtedar-99) បានប្រព្រឹត្តទៅដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ គឺលោកឧត្ដមសេនីយ៍ ម៉ូហាំម៉ាត់ ហូស្សេន បាជើរី (Mohammad Hossein Baqeri) ព្រមទាំងមេបញ្ជាការកងទ័ពជាច្រើនរូបទៀត។ សមយុទ្ធយោធានេះ ត្រូវបានធ្វើឡើងនៅឯតំបន់ឆ្នេរ ម៉ាក្រាន (Makran) ជាមួយការធ្វើតេស្ដនាវាដឹកប្រេង Makran និងនាវាចម្បាំងបំបំពាក់មីស៊ីល ហ្សេរ៉េហ៍ (Zereh) ផងដែរ។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីរ៉ង់ នាវា Makran មានសមត្ថភាពដឹកប្រេង និងទឹកធម្មតា ១០០,០០០តោន ដើម្បីផ្គត់ផ្គង់ដល់នាវាចម្បាំងដទៃ នៅគ្រប់ស្ថានភាព។ វាក៏មានសមត្ថភាពធ្វើដំណើរ ១,០០០ថ្ងៃ ដោយមិនចាំបាច់ចូលចតកំពង់ផែទៀតផង។ ចំណែកឯ នាវាចម្បាំងបំពាក់មីស៊ីល Zereh គឺជាប្រភេទនាវាចម្បាំងល្បឿនលឿន ដែលអ៉ីរីង់ជឿជាក់ថា អាចជួយខ្លួនក្នុងការការពារតំបន់ដែនទឹក ទប់ទល់នឹងការឈ្លានពីសត្រូវ៕