(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា គោលដៅរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងប្រធានាធិបតីរបស់លោក គឺពិតជារឿងដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

លោក Anthony Fauci បានថ្លែងនៅក្នុងកម្មវិធី The Meet Press នៅលើកញ្ចក់ទូរទស្សន៍អាមេរិក NBC ថា វ៉ាក់សាំង COVID-19 ថ្មីៗចំនួន ០២ ដែលកំពុងត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson អាចនឹងត្រូវបង្ហាញនៅក្នុងពេលឆាប់ៗនេះដល់និយ័តករអាមេរិក ដើម្បីធ្វើការអនុម័ត ដែលវាជាកិច្ចប្រឹងប្រែងមួយក្នុងការបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ដោយលោកបានគូសបញ្ជាក់ថា «យើងនៅសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មិនមែនប៉ុន្មានខែទៀតឡើយ»

លោក Anthony Fauci បានគូសបញ្ជាក់បន្ថែមថា «ការចាក់វ៉ាក់សាំង រួមជាមួយនិងការពាក់ម៉ាស និងការជៀសវាងពីហ្វូងមនុស្ស គឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជាមួយវីរុស COVID-19 ទម្រង់ថ្មី ដែលមានសម្ថតភាពឆ្លងរាលដាលឆាប់រហ័សជាងវីរុស COVID-19 ទម្រង់ដើមនេះ។ មិនតែប៉ុណ្ណោះ ប្រសិនបើយើងអាចចាក់វ៉ាក់សាំងដល់ប្រជាជនយើងកាន់តែច្រើន យើងនឹងអាចមានសុខភាពល្អ ហើយយើងនឹងអាចវាយបំបាក់វីរុសនោះបាន»

លោក Joe Biden បាននិយាយថា ការបង្កើនល្បឿននៃការចាក់វ៉ាក់សាំង នឹងក្លាយជាអាទិភាពកំពូលមួយរបស់លោក នៅពេលដែលកាន់តំណែងនៅថ្ងៃពុធសប្ដាហ៍នេះ។ ជុំវិញបញ្ហានេះ លោក Anthony Fauci បាននិយាយថា «រឿងមួយដែលច្បាស់ គឺបញ្ហានៃការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង គឺពិតជារឿងដែលអាចធ្វើទៅបាន។ លទ្ធភាពនៃគោលដៅរបស់លោក បៃដិន គឺច្បាស់ណាស់ដែលយើងអាចជឿជាក់បាន ដោយគ្មានការងឿងឆ្ងល់អ្វីទាំងអស់»

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Anthony Fauci បានកើតឡើង ចំពេលមានការរិះគន់អំពីល្បឿន ដែលសហរដ្ឋអាមេរិកកំពុងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣៩០,០០០នាក់នៅក្នុងប្រទេស។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ពលរដ្ឋអាមេរិកប្រមាណ ១០.៦លាននាក់ បានចាក់វ៉ាក់សាំងនេះហើយ ដែលវាប្រហែលជាពាក់កណ្តាលនៃចំនួន ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្ឃឹមថា នឹងអាចទទួលការចាក់ថ្នាំនៅចុងឆ្នាំ២០២០ កន្លងទៅនេះ៕