(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិកលោក ចូ បៃដិន គួរតែរៀបចំកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបន្តដំណើរការដូចទៅនឹងអ្វីដែលលោក ដូណាល់ ត្រាំ បានធ្វើជាមួយលោក គីម ជុងអ៊ុន នាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

លោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃពុធ ទី២០ ខែមករា ខាងមុខនេះហើយ (ពេលវេលានៅវ៉ាស៊ីនតោន) នៅចំពោះមុខភាពជាប់គាំងនៃកិច្ចចរចា រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ជុំវិញការរំសាយចោលកម្មវិធីនុយក្លេអ៊ែរ ដើម្បីទទួលបានមកវិញនូវការដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង។

ស្ថិតនៅចំពោះមុខការស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន លោក មូន ចេអ៉ីន ដែលបានចូលរួមត្រួសត្រាយផ្លូវបង្កើតឲ្យមានកិច្ចចរចា ត្រាំ-គីម កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានអះអាងថា លោកនឹងចាប់យកពេលវេលាដ៏ឆាប់រហ័សនេះ ដើម្បីលើកយកបញ្ហាកូរ៉េខាងជើង ឲ្យក្លាយជាប្រធានបទជួរមុខសម្រាប់នយោបាយការបរទេសលោក ចូ បៃដិន ហើយលោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ចង់ឲ្យអនាគតរដ្ឋបាលរបស់លោក បៃដិន ដើរតាមអ្វីដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីមួយ ដែលត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា កាលពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ២០១៨ មេដឹកនាំកំពូលទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមមួយស្តីពី ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។ ប៉ុន្តែឈានចូលមកដល់ឆ្នាំ២០១៩ ដែលជាពេលបើកកិច្ចប្រជុំកំពូលលើកទី ២ រវាងមេដឹកនាំទាំងពីរដដែល នៅក្នុងប្រទេសវៀតណាមនោះ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាឡើយ៕