(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជាគ្មានគម្រោងលើកលែងទោសឱ្យខ្លួនឯងឡើយ ខណៈលោកកំពុងត្រៀមលើកលែងទោស និងបន្ធូរបន្ថយឱ្យមនុស្សច្រើនជាង ១០០នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) នៅមុនមួយថ្ងៃប៉ុណ្ណោះ ដែលលោកត្រូវចាកចេញពីសេតវិមាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២១។

សារព័ត៌មាន CNN ផ្អែកលើប្រភពពីមន្ត្រីអាមេរិក ០៣នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់ លោកកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាគ្នាពីបញ្ជីឈ្មោះចុងក្រោយនៃមនុស្សច្រើនជាង ១០០នាក់ ក្នុងនោះរួមមានទាំងឧក្រិដ្ឋជន ដែលនឹងទទួលបានការលើកលែងទោសពីលោក ត្រាំ នៅថ្ងៃអង្គារ ពោលគឺមួយថ្ងៃមុននឹងលោកចប់អាណត្តិ ជាប្រធានាធិបតីនៅថ្ងៃពុធសប្ដាហ៍នេះ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះខាងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ CNN នៅឡើយទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនត្រូវបាន សភាតំណាងរាស្ត្រអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតឲ្យរៀបចំនីតិវិធីដកតំណែង ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលវាយប្រហារវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់។ លោក ត្រាំ គឺជាប្រធានាធិបតីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រ ប្ដឹងដកតំណែងជាលើកទី ២។ បើតាមក្រុមអ្នកជំនាញច្បាប់មួយចំនួន ការលើកលែងទោសឱ្យខ្លួនឯង គឺជាទង្វើបំពានលើរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់ដែលថា គ្មាននរណាម្នាក់អាចធ្វើចៅក្រម កាត់ក្ដីក្នុងសំណុំរឿងរបស់ខ្លួនឯងបានឡើយ។

បន្ថែមពីលើនេះ ក្រុមមន្ត្រីអាមេរិកក៏បានជំរុញលោក ត្រាំ ផងដែរកុំឱ្យប្រើអំណាចប្រធានាធិបតី លើកលែងទោសឱ្យខ្លួនឯង ពីព្រោះការធ្វើបែបនេះគឺជាការបង្ហាញថា លោកហាក់ដូចជាបានទទួលអំពីប្រព្រឹត្តខុស ដូចការចោទប្រកាន់មែន៕