(គូឡាំឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហ៍យីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះ បានប្រកាសនូវកញ្ចប់ជំនួយសេដ្ឋកិច្ចទំហំ៣.៧ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

តាមរយៈការថ្លែងសារមួយដែលផ្សាយលើកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានប្រកាសថា កញ្ចប់ជំនួយខាងលើហៅកាត់ថា PERMAI នឹងពង្រឹងថែមទៀតនូវកិច្ចផ្តួចផ្តើមទាំងឡាយដែលមានស្រាប់ ដើម្បីជួយប្រជាជនម៉ាឡេស៉ីទាំងអស់ ទប់ទល់ក៏ដូចជាដោះស្រាយនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងពីវិបត្តិ COVID-19។

បើតាមលោក យ៉ាសស៉ីន កញ្ចប់ជំនួយ PERMAI មានគោលដៅចម្បងៗចំនួន៣ ក្នុងនោះគោលដៅទី១ គឺប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ COVID-19 ហើយគោលដៅទី២គឺ ការពារសុខុមាលភាពប្រជាជន រីឯទគោលដៅទី៣គឺ គាំទ្រឲ្យអាជីវកម្មទាំងឡាយមានលទ្ធភាពបន្តដើរទៅមុខ។

គួរបញ្ជាក់ថា កន្លងមកម៉ាឡេស៉ីបានបញ្ចេញកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចចំនួន៤លើកមកហើយ ដែលមានទំហំសរុប៧៣.២ពាន់លានដុល្លារ ។ សម្រាប់ការប្រកាសកញ្ចប់ថវិកាជំនួយថ្មីមួយទៀតនេះ គឺកើតមានឡើងស្របពេលដែល ម៉ាឡេស៉ីកំពុងពិបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលរលកទី៣នៃ COVID-19 នៅក្នុងប្រទេសខ្លួន។ កាលពីសប្តាហ៍មុន ព្រះមហាក្សត្រម៉ាឡេស៉ីបានប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន ខណៈរដ្ឋនិងដែនដីសហព័ន្ធមួយចំនួនត្រូវស្ថិតក្រោមវិធានការរឹតបន្តឹងការធ្វើដំណើរ៕