(តៃវ៉ាន់)៖ កងទ័ពតៃវ៉ាន់ បានប្រើរថក្រោះ កាំភ្លើងត្បាល់ និងអាវុធធុនតូចជាច្រើនប្រភេទ នៅក្នុងការធ្វើសមយុទ្ធយោធាមួយ នៅថ្ងៃអង្គារនេះ ដើម្បីពង្រឹងសមត្ថភាពយោធា ការពារខ្លួន ពីការវាយប្រហារណាមួយពីសំណាក់កងទ័ពចិន ដែលតែងតែព្រមានជារឿយថានឹងប្រើប្រាស់កម្លាំងយោធា វាយគ្រប់គ្រងកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់់។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ឯក លោក Chen Chong-ji ដែលជាប្រធាននាយកដ្ឋាននយោបាយសង្រ្គាម បានគូសបញ្ជាក់ដូច្នេះថា៖ «មិនថាមានអ្វីកើតឡើងនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ នោះទេ ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារមាតុភូមិរបស់យើងនឹងមិនផ្លាស់ប្តូរជាដាច់ខាត»។ លោក Chen បានបន្ថែមទៀតថា សមយុទ្ធយោធានៅថ្ងៃអង្គារនេះ មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការថែរក្សាសន្តិភាពដោយកម្លាំងយោធា បើសិនជាមានការវាយប្រហារណាមួយមកបូរណភាពទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើរបស់តៃវ៉ាន់ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ដែលជាខ្នងបង្អែកធំបំផុតរបស់ទីក្រុង តៃប៉ិ នឹងត្រូវផុតអាណត្តិជា ប្រធានាធិបតីអាមេរិក នៅរសៀលថ្ងៃពុធ ទី២០ ខែមករានេះ ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកថ្មី៕