(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នឹងធ្វើកំណែទម្រង់ទាំងស្រុង នូវគោលនយោបាយអន្តោប្រវេសន៍ ដ៏តឹងរ៉ឹងរបស់លោក ដូណាល់ ត្រាំ ដោយលោកនឹងធ្វើបទបង្ហាញពីគោលនយោបាយថ្មីរបស់លោក នៅថ្ងៃដំបូងដែលលោកអង្គុយកៅអីសេតវិមាន។ នេះបើតាមសម្តីអនាគតមន្ត្រីជាន់ខ្ពស់អាមេរិក លោក អាឡិចចាន់ដ្រូ មែយើកាស់ (Alejandro Mayorkas) ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

លោក Alejandro Mayorkas ដែលជាបេក្ខភាពរដ្ឋមន្ត្រីសន្តិសុខមាតុភូមិរបស់លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើប្រាប់ គណៈកម្មាធិការពិសេសមួយ នៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Mayorkas បានបន្ថែមទៀតថា កំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍របស់លោក បៃដិន ក្នុងនោះរួមមានទាំងគម្រោង ផ្ដល់សញ្ជាតិដល់អ្នករស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក ដែលគ្មានលិខិតស្នាមស្របច្បាប់ និងអ្នកសុំសិទ្ធិជ្រកកោន ដែលរត់គេចចេញពីអំពើហិង្សា និងសង្រ្គាមជាដើម។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធេនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយសារបារម្ភពីបាតុកម្មតវ៉ាប្រដាប់អាវុធ បន្ទាប់ពីក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់៕