(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧១,៥២៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,៧៦៨នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,៨០៦,៩៦៤ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤១១,៤៨៦នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,៧៨៦,៨៥២នាក់។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា នេះហើយ ដោយគ្រប់គ្នាកំពុងរង់ចាំការដោះស្រាយវិបត្តិ COVID-19 ដែលនៅតែជាបញ្ហាធំធេងបំផុត សម្រាប់សហរដ្ឋអាមេរិក។ លោក ចូ បៃដិន ធ្លាប់បានសន្យាថា លោកនឹងប្រើពេល ១០០ថ្ងៃដំបូងដើម្បីដោះស្រាយវិបត្តិ COVID-19 ប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងនោះមានដូចជាការតម្រូវឲ្យ ពាក់ម៉ាសនៅទូទាំងប្រទេស និងការចាក់វ៉ាក់សាំងឲ្យបាន ១០០លានដូសជាដើម៕