(វ៉ាស៊ីនតោន)៖ សមាជិក ១២នាក់នៃកងកម្លាំងឆ្មាំជាតិអាមេរិក ត្រូវបានដកចេញពីក្រុមរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន បន្ទាប់ពីពួកគេត្រូវបានស៊ើបអង្កេត ដោយប៉ូលិសសហព័ន្ធ FBI។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

អគ្គមេបញ្ជាការនៃកងកម្លាំងឆ្មាំជាតិអាមេរិក នាយឧត្ដមសេនីយ៍ ដានីញែល ហូកាន់សុន (Daniel Hokanson) បានឱ្យដឹងថា មានសមាជិក ០២នាក់ ក្នុងចំណោមកងកម្លាំងឆ្មាំជាតិទាំង ១២នាក់ខាងលើ ត្រូវបានដកចេញពីតួនាទីតែម្តង និងតម្រូវឱ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពីពួកគេទាំង ០២នាក់ បានបញ្ចេញយោបល់មិនត្រឹមត្រូវ និងមានលក្ខណៈជ្រុលនិយម នៅលើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹង ពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន។

ចំណែកឯសមាជិកកងកម្លាំងឆ្មាំជាតិ ១០នាក់ផ្សេងទៀត ក៏ត្រូវបានដកតួនាទីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ថ្ងៃស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោយ FBI រកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសមុនៗ ប៉ុន្តែមិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយពិធីស្បថចូលកាន់តំណែងឡើយ ហើយ FBI ក៏មិនបានរកឃើញថា កងឆ្មាំជាតិទាំង ១២នាក់នេះ កំពុងត្រៀមធ្វើសកម្មភាព ឬមានផែនការប្រឆាំងនឹងលោក បៃដិន នោះដែរ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កងកម្លាំងឆ្មាំជាតិយ៉ាងហោច ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងសុវត្ថិភាព នៅថ្ងៃលោក បៃដិន ស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ខណៈកងឆ្មាំជាតិត្រឹមតែជាង ៨,០០០នាក់ប៉ុណ្ណោះ ត្រូវបានដាក់ពង្រាយ នៅថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងកាលពីឆ្នាំ២០១៦។

រដ្ឋធានីវ៉ាស៊ីនតោន ជាពិសេសវិមានសភាអាមេរិក ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ក្រោយ FBI ព្រមានជាបន្តបន្ទាប់ថា បាតុកម្មប្រដាប់អាវុធអាចនឹងផ្ទុះឡើងជាថ្មី នៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមកុបករគាំទ្រលោក ត្រាំ បានវាយប្រហារលើវិមានសភា ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ៕