(ម៉ាឌ្រីដ)៖ យោងតាមសេវាកម្មសង្គ្រោះបន្ទាន់នៃទីក្រុងម៉ាឌ្រីដបានឲ្យដឹងថា ក្រុមជួយសង្គ្រោះបន្ទាន់ អ្នកពន្លត់អគ្គិភ័យ និងប៉ូលីស កំពុងប្រតិបត្តិការយ៉ាងរហ័ស ចំកណ្តាលនៃរដ្ឋធានីអេស្ប៉ាញ បន្ទាប់ពីមានការផ្ទុះដ៏កក្រើកមួយ ដែលសាក្សីបានពិពណ៌នាថា «ពិតជាឮខ្លាំងណាស់»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

វីដេអូ និងរូបភាពដែលត្រូវបានចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងខ្មួលខ្មាញ់ចេញពីអាគារមួយ ខណៈដែលកម្ទេចកម្ទី រាយប៉ាយពាសពេញផ្លូវនៃទីក្រុងម៉ាឌ្រីដ។ ទូរទស្សន៍រដ្ឋអេស៉្បាញបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងអាគារមួយ ក្បែរផ្ទះថែទាំមនុស្សចាស់។

កញ្ញា Leire Reparaz ដែលជាអ្នកស្រុករស់នៅក្បែរតំបន់នោះ បានប្រាប់សារព័ត៌មាន Associated Press ថា នាងបានឮសំឡេងផ្ទុះយ៉ាងខ្លាំងមួយ។ នារីវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថា «យើងមិនដឹងថាសំឡេងនោះមកពីណាទេ។ យើងទាំងអស់គ្នាគិតថា វាចេញមកពីសាលា។ យើងក៏បានឡើងលើកំពូលអាគាររបស់យើង ហើយយើងបានមើលឃើញមានផ្សែងខ្មួលខ្មាញ់ពណ៌ប្រផេះដ៏ខ្លាំងហុយចេញពីអគារមួយ»។

ភ្លាមៗនេះ មិនទាន់មានព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះនៅឡើយទេ៕