(វ៉ាស៊ីនតោន)៖ នៅទីបំផុតលោកស្រី Kamala Harris ត្រូវបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកផ្លូវការហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ ប្រជាជនអាមេរិក នោះគឺសហរដ្ឋអាមេរិក មានអនុប្រធានាធិបតីជាស្ត្រីដំបូងគេ​នៅក្នុងប្រវត្តិសាស្ត្រ​របស់ខ្លួន។ លោកស្រី Kamala Harris ក៏ធ្លាប់បានចូលរួមប្រកួតប្រជែង យកតំណែងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ជាមួយលោក ចូ បៃដិន ដែរ កាលពីឆ្នាំ២០១៩ តែលោកស្រីត្រូវបានជម្រុះចេញ។ លោកស្រី Kamala មានអាយុ៥៥ឆ្នាំ ត្រូវបានលោក បៃដិន ជ្រើសជាអនុប្រធានាធិបតីរបស់លោក កាលពីខែសីហាកន្លងទៅ។

* តើលោកស្រី Kamala Harris ជានរណា?
លោកស្រី Kamala Harris កើតក្នុងទីក្រុង Oakland រដ្ឋ California នៅឆ្នាំ១៩៦៤។ លោកស្រី មានឪពុកជាជនជាតិចាម៉ៃកា និងជាអ្នកជំនាញសេដ្ឋកិច្ចម្នាក់ រីឯម្ដាយរបស់ លោកស្រីគឺជាជនជាតិឥណ្ឌា និងជាជីវវិទូម្នាក់ខាងស្រាវជ្រាវផ្នែកជំងឺមហារីកសុដន់។ ម្ដាយរបស់លោកស្រី Kamala បានទទួលមរណភាពតាំងតែពីឆ្នាំ២០០៩មកម្លេះ។

ឈ្មោះ Kamala មានន័យថា «ផ្កាឈូក» ជាភាសាសំស្រ្តឹត ហើយជាភាសាហិណ្ឌូគឺសំដៅលើព្រះម៉ែលក្ម្សី (Lakshmi)។ ម្ដាយឪពុករបស់លោកស្រី Kamala Harris បានលែងលះគ្នា នៅពេលលោកស្រី មានអាយុ៧ឆ្នាំ ហើយលោកស្រី និងប្អូនស្រីឈ្មោះ Maya ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយម្ដាយដោយរស់នៅក្នុងទីក្រុង Berkeley រដ្ឋ California។ លោកស្រី Kamala Harris បានចូលរៀន និងបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Howard University។

ក្រោយបញ្ចប់ការសិក្សា លោកស្រី បានត្រឡប់ទៅរដ្ឋ California វិញ។ លោកស្រីបានក្លាយជារដ្ឋអាជ្ញាម្នាក់ និងត្រូវបានជ្រើសរើសជារដ្ឋអាជ្ញារងប្រចាំតំបន់ Alameda County ក្នុងឆ្នាំ១៩៩០ និងជារដ្ឋអាជ្ញាប្រចាំទីក្រុង San Francisco ក្នុងឆ្នាំ២០០៣។ អំឡុងរយៈពេល៣ឆ្នាំដំបូងនៃការកាន់តំណែងនេះ របស់លោកស្រី Kamala Harris អាត្រាផ្ដន្ទាទោស ក្នុងទីក្រុង San Francisco បានកើនឡើងពី២៥ភាគរយ ដល់៦៧ភាគរយ។

រហូតដល់ឆ្នាំ២០១០ លោកស្រី Kamala Harris បានក្លាយជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ California ក្នុងនាមជាស្ត្រីដំបូងគេ និងជាពលរដ្ឋអាមេរិកស្បែកខ្មៅដំបូងគេដែលបានកាន់ តំណែងនេះ។ លោកស្រី បានរៀបការជាមួយមេធាវីម្នាក់គឺលោក Doug Emhoff ក្នុងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៦ ទើបលោកស្រីបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ California។ នៅក្នុងតំណែងនេះ លោកស្រី ចាប់ផ្ដើមមានឈ្មោះបោះសំឡេង និងទទួលបានការគំាទ្រជាច្រើនអំឡុងការសួរដេញដោលមន្ត្រីក្រោមរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងលោក Jeff Sessions និងលោក Brett Kavanaugh ជាដើម។

គួរជម្រាបថា លោកស្រី Kamala Harris បានចូលរួមប្រកួតប្រជែងឈរឈ្មោះជាបេក្ខប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩។ ប៉ុន្តែលោកស្រី បាន ជ្រុះចេញពីការប្រកួតប្រជែង និងប្រឈមមុខនឹងការរិះគន់ជុំវិញកំណត់ត្រាការងារបស់លោកស្រី កាលនៅជាអគ្គរដ្ឋជ្ញា ជាពិសេសគឺការជំទាស់របស់លោកស្រីទៅនឹងច្បាប់ កាត់ទោសប្រហារជីវិត និងអសកម្មភាពរបស់លោកស្រីចំពោះអំពើឃោរឃៅប្រព្រឹត្តឡើងដោយប៉ូលិសអាមេរិក។

តាមរយៈជ័យជម្នះរបស់លោក ចូ បៃដិន លោកស្រី Kamala Harris បានក្លាយជាស្ត្រីដំបូងបង្អស់ និងជាពលរដ្ឋអាមេរិក ស្បែកខ្មៅកាត់អាស៊ីដំបូងបង្អស់ ដែលកាន់តំណែងជា អនុប្រធានាធិបតី នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕