(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាថ្មី ០៣រូបមកពីគណបក្សប្រជាធិបតេយ្យ បានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់លោក ចូ បៃដិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

សមាជិកព្រឹទ្ធសភាទាំង ០៣រូបខាងលើ រួមមានលោក ចូន អូសសូហ្វ (Jon Ossoff), រ៉ាផាអ៊ែល វ៉រណក់ខ៍ (លោក Raphael Warnock) និងលោក អេឡិច ផាឌីលឡា (Alex Padilla) បានស្បថចូលកាន់តំណែងនៅឯព្រឹទ្ធសភា ក្រោមវត្តមានអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ ក្រោយការស្បថចូលកាន់តំណែងរបស់អ្នកទាំង ០៣ ធ្វើឱ្យសំឡេងរបស់គណបក្សប្រជាធិបតេយ្យឡើងដល់ ៥០សំឡេង រីឯគណបក្សសាធារណរដ្ឋក៏មាន ៥០សំឡេងនៅក្នុងដៃដែរ។

ទោះជាបែបនេះក្តី ដោយសារតែលោកស្រី Kamala Harris មានសិទ្ធិបោះឆ្នោតសម្រេចចិត្តចុងក្រោយ មួយសំឡេងដែរនោះ ធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន គ្រប់គ្រងព្រឹទ្ធសភាបាន ខណៈប្រធានព្រឹទ្ធសភាសំឡេងភាគច្រើន បានទៅលើលោក ឆាក់ ស្កាំមើរ (Chuck Schumer) រីឯមេដឹកនាំសំឡេងភាគតិចគឺលោក មីច ម៉ាកខុនណែល (Mitch McConnell) មកពីបក្សសាធារណរដ្ឋ។

គួរបញ្ជាក់ថា បច្ចុប្បន្នទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលនេះនឹងផ្ដល់ភាពងាយស្រួលដល់រដ្ឋបាលលោក ចូ បៃដិន ក្នុងការដាក់ចេញគោលនយោបាយ ឬច្បាប់ណាមួយ ដែលមិនតម្រូវឱ្យមានការបោះឆ្នោតតាមសំឡេង ២ ភាគ ៣៕