(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ ឃូម៉ូ (Andrew Cuomo) បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងឆ្មាំជាតិរដ្ឋញូយ៉ក បានធ្លាក់នៅតំបន់ភាគខាងជើងនៃរដ្ឋញូយ៉កនាល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា សមាជិក០៣នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ដែលស្ថិតក្នុងទីក្រុងមេនឌន (Mendon)។ ជុំវិញហេតុការណ៍គ្រោះថ្នាក់គួរឲ្យសោកស្តាយនេះ លោក Cuomo បានបង្គាប់ឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលតាមអគាររដ្ឋទាំងអស់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ធុន UH-60 ជាប្រភេទឧទ្ធម្ភាគចក្រជួយសង្រ្គោះ មានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិ រោឆេស្ទើ (Rochester) និងបានធ្លាក់ពេលកំពុងបំពេញបេសកកម្មហ្វឹកហាត់ជាប្រចាំ។ ការស៊ើបអង្កេតត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕