(ម៉ានីល)៖ អគ្គមេបញ្ជាការប៉ូលិសជាតិហ្វីលីពីន លោកនាយឧត្ដមសេនីយ៍ ដេបូល ស៊ីណាស (Debold Sinas) នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបទបញ្ជាមួយ ឱ្យដកតំណែងមេប៉ូលិសប្រចាំទីក្រុង ម៉ាកាទី (Makati) និងអ្នកស៊ើបអង្កេត ០៣រូបដោយសារតែការធ្វេសប្រហែស និងគ្មានសមត្ថភាពដោះស្រាយ សំណុំរឿងនារីជាអ្នកបម្រើការលើយន្ដហោះម្នាក់ ដែលស្លាប់នៅក្នុងសណ្ឋាគារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

នាង គ្រីស្ទីន ដាសេរ៉ា (Christine Dacera) មានអាយុ ២៣ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយ បន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀង ឆ្លងឆ្នាំសកលកន្លងទៅនេះ។ ភ្លាមៗនោះប៉ូលិសហ្វីលីពីណបានសន្និដ្ឋានថា នារីវ័យក្មេងដែលជាអ្នកបម្រើការលើយន្ដហោះរូបនេះ ត្រូវបានគេរំលោភ និងសម្លាប់ ហើយពួកគេបានឃាត់ខ្លួនបុរស ០៣នាក់ ខណៈមនុស្សប្រុសរហូតដល់ទៅ ១២នាក់ត្រូវបានគេរាយការណ៍ថា បាននៅជាមួយនារីរងគ្រោះនៅថ្ងៃកើតហេតុ។

ទោះជាយ៉ាងណា បច្ចុប្បន្នបុរសទាំង ០៣នាក់ខាងលើនេះត្រូវបានដោះលែង ហើយមានការរិះគន់ជាច្រើន ចំពោះភាពអសមត្ថភាពរបស់ប៉ូលិសហ្វីលីពីន ក្នុងការដោះស្រាយសំណុំរឿងនេះ បន្ទាប់ពីលទ្ធផលធ្វើកោសល្យវិច័យលើកទី ១ បានបង្ហាញថា នាង Christine Dacera មិនមែនត្រូវបានគេរំលោភសម្លាប់នោះទេ តែអាចមកពីនាងបានប្រើប្រាស់ សារធាតុញៀនលើសកម្រិត។

ការចេញបទបញ្ជាឱ្យដកតំណែងមេប៉ូលិសប្រចាំទីក្រុង Makati លោកវរសេនីយ៍ឯក ហារ៉ូល ដេផូស៊ីតា (Harold Depositar) និងអ្នកស៊ើបអង្កេត ០៣រូបទៀត ធ្វើឡើងតាមអនុសាសន៍របស់ នាយកដ្ឋានស៊ើបអង្កេត និងគ្រប់គ្រងមន្ត្រីស៊ើបអង្កេតរបស់ហ្វីលីពីន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករាកន្លងទៅ ប៉ូលិសហ្វីលីពីន បានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា ពួកគេបានដោះស្រាយសំណុំរឿងរបស់នាង Christine Dacera ជាមួយការសន្និដ្ឋានចុងក្រោយថា នាងត្រូវបានគេរំលោភ និងសម្លាប់។ យ៉ាងណាក៏ដោយ ប៉ូលិសហ្វីលីពីនមកទល់នឹងពេលនេះ មិនទាន់កំណត់ឱ្យច្បាស់ពីមូលហេតុស្លាប់របស់នាង Christine Dacera នៅឡើយទេ ដោយពួកគេកំពុងរង់ចាំលទ្ធផលកោសល្យវិច័យលើកទី ២៕