(យ៉ាំងហ្គោន)៖ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានទទួលជំនួយវ៉ាក់សាំង COVID-១៩ ចំនួន ១.៥លានដូស ដែលផ្តល់ដោយប្រទេសឥណ្ឌា ដើម្បីចាក់ជូនដល់ប្រជាជនចំនួន ៧៥០,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

វ៉ាក់សាំងនេះ គឺជាកញ្ចប់វ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ធ្ងរធ្ងន់បំផុតមួយនៅក្នុងតំបន់។

ប្រទេសឥណ្ឌា បាននិងកំពុងផ្តល់វ៉ាក់សាំង COVID-19 រាប់លានដូស ដល់បណ្តាប្រទេសមួយចំនួននៅអាស៊ី ដែលទទួលបានការកោតសរសើរពីប្រទេសជិតខាង ក៏ដូចជាការប្រឆាំងនឹងវត្តមានរបស់ចិននៅក្នុងតំបន់។

លោក Saurabh Kumar ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅមីយ៉ាន់ម៉ា បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានយ៉ាំងហ្គោនថា«នេះគឺជាអំណោយពីប្រទេសឥណ្ឌាដល់ប្រទេសមីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា កាដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាស្ថាន Serum ក្នុងប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតលើពិភពលោក បានទៅដល់ប្រទេសម៉ាល់ឌីវ ប៊ូតាន បង់ក្លាដែសនិងនេប៉ាល់ រួចហើយ៕