(តេអាវ៉ាវី)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ីស្រាអែលនៅថ្ងៃសុក្រនេះបានឲ្យដឹងនៅថ្ងៃនេះថា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំង COVID-19 ជូនសិស្សវិទ្យាល័យទាំងអស់ ដែលមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

បើតាមរបាយការណ៍ ប្រតិបត្តិការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ ដែលនឹងរួមបញ្ចូលនិស្សិតជាង ៣០ម៉ឺននាក់។

កាលពីថ្ងៃទី១០ ខែមករា អ៊ីស្រាអែលក៏បានប្រកាសពីការចាក់វ៉ាក់សាំង ជូនគ្រូបង្រៀនទាំងអស់ និងបុគ្គលិកអប់រំដទៃទៀតផងដែរ។ យោងតាមក្រសួងអប់រំអ៊ីស្រាអែល បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជាង ៥០ភាគរយនៃបុគ្គលិកអប់រំ ដែលមានចំនួន ២០៣,០០០ នាក់ បានទទួលចាក់វ៉ាក់សាំងរួចរាល់។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទូទៅនៅអ៊ីស្រាអែល បានចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០មកម្ល៉េះ ខណៈបុគ្គលិកពេទ្យជួរមុខ និងមនុស្សចាស់ជរាដែលមានអាយុលើសពី ៦៥ ឆ្នាំឡើង និងអ្នកជំងឺរ៉ាំរ៉ៃទទួលបានអទិភាពមុនគេ៕