(ប្រេស៊ីល)៖ ទីភ្នាក់ងារនិយ័តកម្មសុខាភិបាល នៃប្រទេសប្រេស៊ីល នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានអនុម័តជាឯកច្ឆ័ន្ទហើយ លើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ចិន កូរ៉ូណាវ៉ាក់ (CoronaVac) ចំនួន ៤.៨លានដូសបន្ថែមទៀត ខណៈប្រទេសធំជាងគេអាមេរិកឡាទីនមួយនេះ កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់់សាំង ជូនប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារនិយ័តកម្មសុខាភិបាលប្រេស៊ីល ហៅកាត់ថា អានវីសា (Anvisa) ធ្វើការអនុម័តខាងលើ តាមសំណើរបស់វិទ្យាស្ថាន ប៊ូតាន់តាន់ (Butantan) មានមូលដ្ឋានក្នុងទីក្រុង សៅប៉ូឡូ (Sao Paulo) កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ និងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារមួយនេះ បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង CoronaVac ចំនួន ០៦លានដូសដំបូងដែលកំពុងចាក់ជូនប្រជាជននៅទូទាំងប្រទេស។

CoronaVac គឺជាវ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac Biotech) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន Butantan នៅក្នុងប្រទេសប្រេស៊ីល។ Anvisa បានបន្ថែមទៀតថា ការសម្រេចចិត្តរបស់ពួកគេ គឺធ្វើឡើងក្រោយពិនិត្យឃើញថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព, សុវត្ថិភាព និងគុណភាព ដោយមិនមានបញ្ហាណាមួយ ត្រូវបានរកឃើញនោះទេ។

គួរបញ្ជាក់ថា ប្រេស៊ីលក៏បានបញ្ជាទិញ និងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុនអង់គ្លេស AstraZeneca ផងដែរកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ប៉ុន្តែគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ មានតែវ៉ាក់សាំង CoronaVac តែមួយគត់ដែលរកបាន នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ បើតាមគេហទំព័រ worldometer ប្រេស៊ីលមានករណីឆ្លង COVID-19 សរុបជាង ៨,៧៥៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២១៥,២៩៩នាក់ និងជាសះស្បើយឡើងវិញជាង ៧,៥៩៤,០០០នាក់៕