(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ យន្តហោះទម្លាក់គ្រាប់បែកដល់ទៅ៨គ្រឿង រួមជាមួយយន្តហោះចម្បាំង៤គ្រឿងរបស់យោធាចិន បានចូលមកដល់ជ្រុងភាគនិរតីនៃតំបន់ដែនអាកាស ADIZ របស់តៃវ៉ាន់ ខណៈខាងតៃវ៉ាន់ភ្លាមៗនោះបានចល័តប្រព័ន្ធមីស៉ីលដើម្បីឃ្លាំមើលស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន បានបញ្ជូនយន្តហោះយោធាឲ្យធ្វើការហោះហើរសឹងរាល់ថ្ងៃ ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ នៅលើដែនទឹករវាង តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយនិងប្រជុំកោះផ្រាតាស់ (Pratas Islands) នៅសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយតៃវ៉ាន់។ ប៉ុន្តែជាទូទៅ ប្រតិបត្តិការជាប្រចាំនេះរបស់ចិន មានវត្តមានយន្តហោះត្រឹម១-២គ្រឿងប៉ុណ្ណោះ។

តៃវ៉ាន់ចាត់ទុកការចល័តយន្តហោះយោធាចិនដ៏ច្រើនខាងលើ ដែលរួមមានយន្តហោះចម្បាំងគ្រាប់បែកនុយក្លេអ៊ែរ H-6K ចំនួន៨គ្រឿង និងយន្តហោះចម្បាំង J-16 ចំនួន៤គ្រឿង គឺជាសកម្មភាពប្លែកខុសពីធម្មតា។ ឆ្លើយតបនឹងសកម្មភាពរបស់ចិន កងទ័ពអាកាសតៃវ៉ាន់បានព្រមានដល់ក្រុមយន្តហោះយោធាចិន ហើយបានដាក់ពង្រាយប្រព័ន្ធមីស៉ីលការពារដែនអាកាស ដើម្បីឃ្លាំមើលស្ថានការណ៍។

គួរបញ្ជាក់ថា ការចល័តក្រុមយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងចិនទៅក្រឡឹងក្បែរតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កើតមានឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃដិន ទើបតែស្បថចូលកាន់តំណែងជាផ្លូវការ៕