(តៃប៉ិ)៖ យោធាអាមេរិកនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ក្រុមនាវាយោធាអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt (សៀឌ័រ រូស្វ៊ែល) ទើបតែបានចល័តទៅដល់តំបន់សមុទ្រចិនខាងត្បូង ក្រោមគោលដៅលើកកម្ពស់សិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។

អគ្គបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានចូលដល់សមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺថ្ងៃតែមួយដែលកោះតៃវ៉ាន់ បានអះអាងថា មានក្រុមយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរបស់ចិនសរុបជាង១០គ្រឿង ឲ្យទៅក្រឡឹងដែនអាកាសរបស់ខ្លួន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងតែងតែចេញមុខរិះគន់ជាដដែលៗ ចំពោះការចល័តនាវាយោធារបស់កងទ័ពជើងទឹកអាមេរិក ចូលមកកាន់តំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់មានបញ្ហាវិវាទ។ ក្រៅពីចិន វៀតណាម ម៉ាឡេស៉ី ហ្វីលីពីន ប្រ៊ុយណេ និងតៃវ៉ាន់ ក៏សុទ្ធតែទាមទារចំណែកកាន់កាប់ នៅតំបន់ផ្លូវទឹកដ៏សំខាន់មួយនេះដែរ៕