(គូវ៉ែត)៖ អាជ្ញាធរនៃប្រទេសគូវ៉ែត នៅថ្ងៃអាទិត្យនេះ បានសម្រេចកាត់បន្ថយចំនួនអ្នកដំណើរបរទេស ដែលចូលមកក្នុងប្រទេសរហូត ៨០ភាគរយ ដោយមកត្រឹម ១០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីព្យាយាមគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ទម្រង់ថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។

សារព័ត៌មានរបស់ប្រទេសគូវ៉ែត មុននេះបានរាយការណ៍ពីការសម្រេចចិត្តនេះ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ខណៈដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលគូវ៉ែត មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ រដ្ឋឈូងសមុទ្រមួយនេះបានរាយការណ៍ពីករណីដំបូង នៃជំងឺ COVID-19 ទម្រង់ថ្មី ដែលត្រូវបានក្រសួងសុខាភិបាលគូវ៉ែតបាននិយាយថា រកឃើញលើស្ត្រីពីរនាក់ ដែលទើបបានវិលត្រឡប់មកពីប្រទេសអង់គ្លេស។

តាមរយៈរបាយការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍គូវ៉ែត(Kuwait Airway)និយាយថា ខ្លួននឹងប្រតិបត្តិការសេវាកម្មតិចជាងមុន នៅចន្លោះថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីមានការណែនាំពីអាជ្ញាធរសុខាភិបាល និងបទបញ្ជាអាកាសចរណ៍របស់រដ្ឋ។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ដដែលនេះ បានគូសបញ្ជាក់ថា ពលករធ្វើការតាមផ្ទះ និងអ្នកដំណើរឆ្លងកាត់(Transit) ត្រូវបានរួចផុតពីការដាក់កម្រិត នៃការមកដល់ថ្មីនេះ។ កាសែតក្នុងស្រុកមួយបានរាយការណ៍ថា ក្រសួងសុខាភិបាលបានស្នើសុំបិទអាកាសយានដ្ឋានទាំងមូលតែម្តង ប៉ុន្តែអាជ្ញាធរបានសម្រេចកំណត់ចំនួននៃការមកដល់ ជំនួសវិញ៕