(វ៉ាស៊ីនតោន)៖ មួយថ្ងៃបន្ទាប់ពីលោក ចូ បៃដិន ឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ រដ្ឋាភិបាលចិន បានផ្ញើសារអបអរសាទរភ្លាមៗ ជាមួយការរំពឹងថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក អាចនឹងមានភាពល្អប្រសើរឡើងវិញ នៅក្រោមរដ្ឋបាលថ្មីដឹកនាំដោយលោក បៃដិន។

ថែ្លងនៅក្នុងសនិ្នសីទសារព័ត៌មាន នៅពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា រដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រព្រឹត្តកំហុសឆ្គង នោះគឺចាត់ទុកចិនជាគូប្រជែងដ៏ធំរបស់សហរដ្ឋអាមេរិក និងចេះតែលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដូចជាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងសំណុំរឿងជនជាតិដើមភាគតិចអ៊ុយហ្គ័រ ក្នុងតំបន់ហ្ស៊ីនជាំងជាដើម។ លោកស្រី Hua បន្ថែមថា ការបំផ្លាញទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នឹងមិនផ្ដល់ផលចំណេញអ្វីឡើយដល់ប្រជាជនអាមេរិក និងប្រជាជនចិន ដោយលោកស្រី ជំរុញឱ្យរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន មានយុត្តិធម៌ចំពោះចិន និងធ្វើការងារ
ជាមួយគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក វិលទៅរកភាពល្អប្រសើរឡើងវិញ ដូចគ្នាទៅនឹងកាលសម័យលោក បារ៉ាក់ អូបាម៉ា។

តែទោះយ៉ាងណាក៏ដោយ អ្នកជំនាញភាគច្រើនយល់ថា ខណៈឥទ្ធិពលចិនរីកកាន់តែធំ រដ្ឋបាលលោក ចូ បៃដិន ប្រហែលជានឹងមិនបោះចោលគោលនយោបាយតឹងរឹងរបស់ លោក ដូណាល់ ត្រាំ ចំពោះចិនភ្លាមៗ នោះទេ ប៉ុន្តែ អាចខុសគ្នាត្រង់ការអនុវត្ត ឬក៏យុទ្ធសាស្ត្រថ្មីតែប៉ុណ្ណោះ។ ជាក់ស្ដែង អនាគតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ត្រង់ៗថា លោកមិនយល់ស្របទេ ចំពោះវិធីសាស្រ្តដោះស្រាយជាមួយចិន របស់លោក ត្រាំ នៅក្នុងវិស័យជាច្រើន ប៉ុន្តែលោកជឿជាក់ថា លោក ត្រាំ បានធ្វើរឿងត្រឹមត្រូវ នោះគឺរក្សាជំហរតឹងរឹងដាក់ចិន។

បន្ថែមពីលើនេះ លោក Antony Blinken ក៏បានបង្ហាញការគំាទ្រ ដល់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ផងដែរ សម្រាប់ដាក់ទណ្ឌកម្មមន្ត្រីចិន ដែល ជាអ្នកទទួលខុសត្រូវខាងរំលោភបំពានសិទ្ធិមនុស្សលើជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គ័រក្នុងតំបន់ហ្ស៊ីនជាំង។ លោក ប៉ុមប៉េ ធ្លាប់បានចោទថា ចិនបានប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍លើជនជាតិដើមភាគតិចមួយនេះ។ តែទីក្រុងប៉េកាំង បានបដិសេធ ហើយជាការឆ្លើយតប នៅថ្ងៃលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតី ចិនបានដាក់ ទណ្ឌកម្មលើអតីតក្រុមមន្ត្រីជាន់ខ្ពស់របស់លោក ត្រាំ ចំនួន២៨រូប ក្នុងនោះរួមមានទាំងលោក ប៉ុមប៉េអូ និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien ដោយហាមអ្នកទាំងនេះមិនឱ្យចូលក្នុងប្រទេសចិន ឡើយ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន បានហៅទណ្ឌកម្មចិនថាជារឿងគ្មានប្រយោជន៍ ដែលគួរតែត្រូវបានថ្កោលទោសពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ ក្រុមអ្នកវិភាគនយោបាយ យល់ថាតាមការពិតទៅ ចិន បានត្រៀមបញ្ជីឈ្មោះដាក់ទណ្ឌកម្មរួចស្រេចទៅហើយ តែមិនទាន់ប្រកាសដោយសារតែ ចង់ឱ្យលោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីរបស់លោក អស់តំណែងជាសិន ព្រោះនៅពេលអ្នកទាំងអស់អំណាច ពូកគេមិនអាចដាក់ទណ្ឌកម្មលើចិនវិញនោះទេ។

ទណ្ឌកម្មរបស់ចិន គឺជាសារមួយបង្ហាញយ៉ាងច្បាស់ថាចិន ក៏មិនទុកចិត្តលើរដ្ឋបាលថ្មីរបស់លោក បៃដិន នោះដែរ ហើយចង់ឆ្លៀតព្រមានទុកជាមុនថាអ្នកដែលដាក់ទណ្ឌកម្ម ឬធ្វើបាប ចិននឹងត្រូវប្រឈមមុខនឹងផលវិបាក។ ម្យ៉ាងវិញទៀត ចិនធ្វើបែបនេះទំនងជាចង់ប្រាប់លោក បៃដិន ថាការដាក់ទណ្ឌកម្ម មិនមែនជាមធ្យោបាយដោះស្រាយ បញ្ហាឡើយ។ ដូច្នេះ លោក បៃដិន គួរតែបញ្ឈប់ការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីហុងកុង និងក្រុមមន្ត្រីចិន ហើយងាកមករកការដោះស្រាយជាមួយចិន តាមប្រពៃណីការទូត របស់សហរដ្ឋអាមេរិកវិញ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន អាចនឹងក្ដៅផង និងត្រជាក់ផង ពោលគឺមិនក្ដៅ រហូតដូចជំនាន់លោក ត្រាំ នោះទេ។ ពីព្រោះវិធីសាស្ត្រដោះស្រាយជាមួយចិនរបស់លោក បៃដិន មានភាពខុសគ្នាពីលោក ត្រាំ នៅត្រង់ចំណុច ៣ធំៗ។

ទី១៖ រដ្ឋបាលលោក បៃដិន នឹងងាកទៅរកប្រព័ន្ធពហុភាគីនិយមវិញ តាមរយៈធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងស្ថាប័នអន្តរជាតិនានា ដើម្បីសម្រេចគោលបំណងរបស់ សហរដ្ឋអាមេរិក។ ទី២៖ លោក បៃដិន និងក្រុមមន្ត្រីរបស់លោក ហាក់ដូចជា បានទទួលស្គាល់ថាពួកគេមិនអាចបង្ខំចិន ឱ្យបោះបង់ចោលជំហានអភិវឌ្ឍខ្លួនឯងនោះទេ ដូច្នេះគួរតែផ្ដោតជាសំខាន់លើពង្រឹងសមត្ថភាពប្រកួតប្រជែងខ្លួនឯង ប្រឈមមុខជាមួយចិន ប្រសើរជាង។ ទី៣ និងជារឿងសំខាន់បំផុតផ្ទុយពីលោក ត្រាំ គឺលោក បៃដិន ជាអ្នករៀបចំគោលនយោបាយម្នាក់ ដែលមើលឃើញយ៉ាងច្បាស់ពីបញ្ហាដែលសហរដ្ឋអាមេរិក កំពុងប្រឈម ដោយលោកផ្ទាល់យល់ថាគ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាបានតែម្នាក់ឯង នោះទេ៕

ប្រភព៖ JapanTimes