(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្គាប់ឱ្យអនុវត្តឡើងវិញ នូវិធានការរឹតត្បិតការធ្វើដំណើរ មកកាន់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ថា ការរឹតត្បិតខាងលើនឹងត្រូវអនុវត្តឡើងវិញ លើអ្នកដំណើរមិនមែនជាពលរដ្ឋអាមេរិក មកពីប្រទេសប្រេស៊ីល, អៀរឡង់, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង និងបណ្ដាប្រទេសអ៉ឺរ៉ុបចំនួន ២៦ ដោយសារតែបារម្ភពីការឆ្លងរាតត្បាត COVID-19 ទម្រង់ថ្មី ដែលកំពុងរាតត្បាតនៅក្នុងប្រទេសទាំងនេះ។ លោកស្រី Jen Psaki បានបន្ថែមទៀតថា បច្ចុប្បន្នមិនមែនជាពេលត្រូវលុបចោល វិធានការរឹតត្បិតលើធ្វើដំណើរអន្តរជាតិឡើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើ របស់លោក ចូ បៃដិន កើតមានឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ នៅមុនផុតអាណត្តិជាប្រធានាធិបតី បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្គាប់ឱ្យលុបចោលការរឹតត្បិត ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក លើបណ្ដាប្រទេសទាំងនោះ ដែលត្រូវចូលជាធរមានកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ៕