(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅឯតំបន់សមុទ្រចិនខាងត្បូង ក្នុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ទីក្រុងប៉េកាំង ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ចូលមកកាន់តំបន់ដែនទឹកជម្លោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលសុវត្ថិភាពសមុទ្រនៃរដ្ឋាភិបាលចិន បានបញ្ជាក់ពីការហាមឃាត់ការធ្វើដំណើរចូលទៅកាន់តំបន់ខ្លះ ចាប់ពីដែនទឹកក្នុងតំបន់ឈូងសមុទ្រ តង់កឹង រហូតដល់ភាគខាងលិចនៃឧបទ្វីប Leizhou ស្ថិតនៅនីរតីនៃប្រទេស ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករានេះ។ ប៉ុន្តែ រដ្ឋបាលសុវត្ថិភាពសមុទ្រចិន មិនបាន លម្អិតថាតើសមយុទ្ធយោធានេះមានលក្ខណៈទ្រង់ទ្រាយធំ ឬតូចនោះទេ ហើយក៏មិនបានឱ្យដឹងថាវានឹងធ្វើឡើងនៅពេលណាឱ្យប្រាកដនោះដែរ។

យោធាអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅ បានឲ្យដឹងថា ក្រុមនាវាយោធាអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt (សៀឌ័រ រូស្វ៊ែល) ទើបតែបានចល័តទៅដល់តំបន់សមុទ្រចិនខាងត្បូង ក្រោមគោលដៅលើកកម្ពស់សិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រ។ ពោលគឺ តែមួយថ្ងៃប៉ុណ្ណោះ ក្រោយ តៃវ៉ាន់ អះអាងថា យន្តហោះទម្លាក់គ្រាប់បែកដល់ទៅ៨គ្រឿង រួមជាមួយយន្តហោះចម្បាំង៤គ្រឿងរបស់យោធាចិន បានចូលមកដល់ជ្រុងភាគនិរតីនៃតំបន់ដែនអាកាស ADIZ របស់ខ្លួន។

សកម្មភាពយោធាចិន ត្រូវបានគេមើលឃើញថា ចិនចង់ធ្វើតេស្ដប្រតិកម្មរបស់រដ្ឋបាលអាមេរិកថ្មី ដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន ហើយក៏ចង់ផ្ញើសារប្រាប់លោក បៃដិន ជាមុនដែរថា ទោះជានរណាធ្វើជាប្រធានាធិបតីអាមេរិកក៏ដោយ ក៏ជំហររបស់ចិនគឺនៅតែដដែល នោះគឺតៃវ៉ាន់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ចិន។ តែជាការឆ្លើយតប រដ្ឋបាលលោក ចូ បៃដិន ក៏បានបញ្ជាក់ជាថ្មីឡើងវិញផងដែរពីការប្ដេជ្ញាចិត្តការពារតៃវ៉ាន់ ហើយការប្ដេជ្ញាចិត្តនេះបានបង្ហាញតាមរយៈការបង្ហាញសាច់ដុំ ដោយចល័ត ក្រុមនាវាយោធាអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt ទៅកាន់តំបន់សមុទ្រខាងត្បូង ជាទីដែលក្រៅពីចិន វៀតណាម ម៉ាឡេស៉ី ហ្វីលីពីន ប្រ៊ុយណេ និងតៃវ៉ាន់ ក៏សុទ្ធតែទាមទារចំណែកកាន់កាប់ នៅតំបន់ផ្លូវទឹកដ៏សំខាន់មួយនេះដែរ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញភាគច្រើន លោក ចូ បៃដិន នឹងនៅតែរក្សាជំហរ ឬគោលនយោបាយតឹងរឹងចំពោះចិន ដូចគ្នាទៅនឹងលោក ដូណាល់ ត្រាំ ដែរ តែទាស់ ខុសគ្នា ត្រង់វិធីសាស្រ្តអនុវត្តប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កត្តាកំណត់លើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ គឺមិនមែនអាស្រ័យលើអាមេរិកនោះទេ តែវាគឺអាស្រ័យ លើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ មានន័យថា បើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុនដាបខ្លាំង នោះលោក បៃដិន អាចនឹងផ្ដល់ការគាំទ្ររឹតតែខ្លាំងដល់តៃវ៉ាន់ ឬចាត់វិធានការតឹងរ៉ឹងចំពោះចិន តែបើស្ថានការណ៍ល្អប្រសើរ នោះលោក បៃដិន ក៏ប្រហែលជានឹងមិនធ្វើសកម្មភាពអ្វីខ្លាំងជាដុំកុំភួននោះដែរ៕