(មែលប៊ន)៖ មនុស្ស ០៥នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងស៊ីដនី (Sydney) នៅក្នុងការធ្វើបាតុកម្មនៅថ្ងៃឈប់សម្រាក នៃទិវាបុណ្យជាតិអូស្រ្ដាលី (Australia Day) នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ដោយមនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅទូទាំងប្រទេស ដើម្បីសម្តែងការប្រឆាំងនឹងការគាបសង្កត់ជនជាតិដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ទិវាបុណ្យ Australia Day ដែលត្រូវនឹងថ្ងៃទី២៦ ខែមករា គឺជាថ្ងៃដែលកងនាវាអង់គ្លេស បានធ្វើដំណើរចូលមកកាន់កំពង់ផែទីក្រុងស៊ីដនី កាលពីឆ្នាំ១៧៨៨ ដើម្បីចាប់ផ្តើមដាក់អាណានិគមលើដែនដីនេះ។ សម្រាប់ជនជាតិដើមអូស្រ្តាលីជាច្រើន ដែលតាមដានវង្សត្រកូលរបស់ពួកគេ នៅលើទ្វីបដែលមានអាយុកាល ៥០,០០០ឆ្នាំមកហើយនេះ បាននិយាយថា វាគឺជាថ្ងៃឈ្លានពាន។

អ្នករៀបចំការធ្វើបាតុកម្មតវ៉ាជនជាតិដើមភាគតិចអូស្រ្តាលី ប្រចាំនៅទីក្រុងស៊ីដនីបានគូសបញ្ជាក់ថា «រហូតទាល់តែពួកគេលុបចោលទិវា Australia Day នោះទើបអ្វីៗនឹងស្ងប់ស្ងាត់ជាងនេះបន្តិច។ ប្រសិនបើប្រជាជាតិមួយនេះ នៅតែប្រារព្ធទិដើម្បីរំលឹកដល់ អំពើប្រល័យពូជសាសន៍ដូចថ្ងៃនេះ យើងនឹងមិននៅស្ងៀមទេ! យើងនឹងមិនបញ្ឈប់ ហើយយើងនឹងបន្តដំណើរទៅមុខទៀត»

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់ប៉ូលីសរដ្ឋ ញូសោតវែល (New South Wales) បានឲ្យដឹងថា មនុស្សប្រមាណពី ២,០០០-៣,០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី ដើម្បីធ្វើបាតុកម្មតវ៉ា។ បើតាមអាជ្ញាធរអូស្ត្រាលី ការចាប់ខ្លួនមនុស្ស ០៥នាក់ខាងលើ ត្រូវបានធ្វើឡើងដោយសារតែ ការរំលោភលើច្បាប់សុខភាពសាធារណៈ ពាក់ព័ន្ធការទប់ស្កាត់ COVID-19 និងការវាយតប់ជាមួយប៉ូលីសជាដើម៕