(ហ្សាការតា)៖ អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូណេស៊ី បានរាយការណ៍ប្រាប់សារព័ត៌មាន Reuters ថា កប៉ាល់ដែលមានដោតទង់ជាតិនៃប្រទេសអ៊ីរ៉ង់ និងប៉ាណាម៉ាត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសយក ដោយសង្ស័យថា បានលួចផ្ទេរប្រេងខុសច្បាប់ ដែលឥឡូវនេះនឹងត្រូវបញ្ជូនទៅចតនៅកោះបាតាំ (Batam) ខេត្តរីយ៉ាវ (Riau) នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

កប៉ាល់ដឹកប្រេងខ្នាតធំទាំង ០២គ្រឿង ដែលមានសមាជិកនាវិកមកពីប្រទេសអ៊ីរ៉ង់ និងចិនត្រូវបានឃាត់ទុកកាលពីថ្ងៃអាទិត្យ ទី២៤ ខែមករាកន្លងទៅនេះ ក្នុងដែនទឹកនៅខេត្តកាលីម៉ាន់តាន់ (Kalimantan) ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ កប៉ាល់ដឹកប្រេងដែលមានឈ្មោះថា MT Horse មានដោតទង់ជាតិអ៊ីរ៉ង និងកប៉ាល់ដឹកប្រេងមួយទៀតដែលមានឈ្មោះថា MT Freya មានដោតទង់ជាតិប៉ាណាម៉ា ដោយផ្ទុកសមាជិកនាវិកសរុប ចំនួន ៦១នាក់នៅលើកប៉ាល់។

អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូណេស៊ី លោក Wisnu Pramandita បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «កប៉ាល់ដឹកប្រេងទាំង ០២គ្រឿងខាងលើ នឹងធ្វើដំណើរឆ្ពោះទៅដល់កោះ Batam នៅម៉ោងប្រហែល ៣ ឬ ៤រសៀលថ្ងៃនេះ ដោយនាវិកខ្លះ នៅតែស្ថិតនៅលើកប៉ាល់ដឹកប្រេងនោះដដែល ប៉ុន្តែនាវិកផ្សេងទៀត ត្រូវបានឃុំខ្លួននៅលើកប៉ាល់របស់ទីភ្នាក់ងារសន្តិសុខដែនសមុទ្រ ដើម្បីធ្វើការសាកសួរ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។

លោក Wisnu បានគូសបញ្ជាក់ប្រាប់បន្ថែមថា កប៉ាល់ទាំង ០២គ្រឿងនោះត្រូវបានគេឃើញថា បានធ្វើសកម្មភាពខុសច្បាប់ ដោយការផ្ទេរប្រេងពីកប៉ាល់ MT Horse ទៅកប៉ាល់ MT Freya និងបានបង្កឲ្យមានការលេចធ្លាយប្រេងនៅជុំវិញនោះផងដែរ។

គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេងទាំង ០២គ្រឿងខាងលើនេះ ត្រូវបានគេរកឃើញដំបូងនៅម៉ោង ២១៖៣០នាទីយប់ នៅថ្ងៃទី២៣ ខែមករា (ម៉ោងនៅក្នុងតំបន់)។ អាជ្ញាធរឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា កប៉ាល់ទាំងពីរបានប្រព្រឹត្តិការបំពានជាច្រើន រួមមានដូចជាការបិទបាំងប្រព័ន្ធកំណត់អត្តសញ្ញាណ និងការធ្វើដំណើរខុសច្បាប់ ក៏ដូចជាការផ្ទេរប្រេងខុសច្បាប់រវាងកប៉ាល់ និងកប៉ាល់ប្រេងផ្សេងទៀត។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតបន្ថែម កំពុងត្រូវបានអនុវត្ត ដើម្បីទទួលបានរូបភាពពេញលេញនៃការប្រព្រឹត្តខុសច្បាប់នេះ៕