(អាមេរិក)៖ ក្រុមហ៊ុន Moderna Inc នៅថ្ងៃអង្គារនេះ បានលើកឡើងថា ខ្លួនបាននឹងកំពុងដំណើរការរៀបចំដើម្បីប្រគល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ប្រមាណ១០០លានដូស ឲ្យទៅសហរដ្ឋអាមេរិក នៅត្រឹមចុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ, ជាមួយនឹងវ៉ាក់សាំង ២០០លានដូស ជាចំនួនសរុបដែលនឹងត្រូវប្រគល់ជូន សហរដ្ឋអាមេរិក នៅដំណាច់៣ខែបន្ទាប់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន Moderna Inc, ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញមួយជាមួយសហរដ្ឋអាមេរិក លើវ៉ាក់សាំង២០០លានដូសនោះ, បានលើកឡើងថា ខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណ៣០,៤លានដូសហើយ គិតរហូតមកដល់ពេលនេះ, នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក បានឲ្យដឹងយ៉ាងដូច្នេះ។

ក្រុមហុន Moderna កាលឲ្យដឹងកាលពីដើមខែនេះថា ខ្លួននឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់៦០០លានដូស នៅក្នុងឆ្នាំ២០២១នេះ, កើនឡើង១០០លានដូស ពីការព្យាករណ៍កាលពីពេលមុន។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួននឹងបន្តការវិនិយោគ និងបន្ថែមបុគ្គលិក ដើម្បីបង្កើនសមត្ថភាព ផលិតវ៉ាក់សាំងឲ្យបាន១ពាន់លានដូស នៅឆ្នាំ២០២១នេះ៕